ម៉ាសរបស់សម្តេចតេជោ ត្រូវបានរដ្ឋបាលខណ្ឌចំការមន ចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់ផ្សារដើមថ្កូវ និងអាជីវករ ក្នុងផ្សារទួលទំពូង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌដោយមានការចូលរួមពីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យខណ្ឌ មន្ត្រីខណ្ឌ និងសង្កាត់ផ្សារដើមថ្កូវ ហើយដោយមានការចូលរួមពីលោក ចំរើន សុខលីម ប្រធានគណកម្មការផ្សារទួលទំពូងផងដែរនោះ បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍រុងរឿង ក្នុងសង្កាត់ផ្សារដើមថ្កូវ និងចែកជូនដល់អាជីវករលក់ដូរនៅក្នុងផ្សារទួលទំពូង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក ថេង សុថុល បានថ្លែងថា ការចុះចែកម៉ាសនេះ បានធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន ឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ នេះគឺជាប្រភេទម៉ាសសាច់ ក្រណាត់ ដែលអាចបោកទឹកបាន និងប្រើប្រាស់បានយូរ ហើយការចែកជូននេះ ប្រជាពលរដ្ឋម្នាក់ ទទួលបានម៉ាស២ សំរាប់ពាក់ផ្លាស់ប្តូរ ។

នៅក្នុងឱកាសចុះចែកម៉ាសជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍រុងរឿង នៃសង្កាត់ផ្សារដើមថ្កូវ លោកអភិបាលខណ្ឌ បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការសម្អាតអនាម័យបរិស្ថាន ដែលខ្លួនរស់នៅ និងចូលរួមបង្ការ ទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដោយត្រូវសម្អាតដៃឲ្យបានជាប់ជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល, ពេលចេញដើរទៅណាមកណា ត្រូវពាក់ម៉ាសជានិច្ច ជាពិសេសនោះ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា និងត្រូវកាត់បន្ថយរាល់ការជួបជុំណា ដែលមានមនុស្សច្រើន ឬក៏ដើរកម្សាន្តតាមទីសាធារណៈផ្សេងៗ ។

ដោយឡែកក្នុងឱកាសចុះចែកម៉ាស ជូនអាជីវករក្នុងផ្សារទួលទំពូង លោក អាំង សេរីពិសិទ្ធ អភិបាលរងខណ្ឌចំការមននិងលោក ចំរើន សុខលីម ប្រធានគណកម្មការផ្សារទួលទំពូង បានប្រាប់អាជីវករក្នុងផ្សារថា៖ ម៉ាសនេះ គឺចែកជូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារគ្រប់គ្នា ព្រោះសាលារាជធានីភ្នំពេញ នឹងបន្តផ្តល់ជូនមកទៀត មិនឲ្យខ្វះទេ ។

លោកអភិលរងខណ្ឌ បានបន្តថា៖ ការផ្តល់ជូនម៉ាសនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសចែកជូនម៉ាស់នេះ, លោកអភិបាលរងខណ្ឌ និងលោកប្រធានគណកម្មការផ្សារទួលទំពូង ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានញឹកញាប់, ពាក់ម៉ាស់ការពារឲ្យបានជាប់ជាប្រចាំ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ប្រមុខដឹកនាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner