ប្រាសាទចតុមុខ ជាប្រាសាទ ដែលអ្នកទេសចរជាច្រើន ពុំធ្លាប់ស្គាល់!

ប្រាសាទចតុមុខ ត្រូវបានកសាងឡើងក្នុងទសវត្សរ៍ទី១២នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ កម្ទេចថ្មគូបតូចធំដួលរាយប៉ាយពាសពេញដី ដែលមនុស្សជាច្រើនធ្លាប់ដើរជាន់ដោយមិនបានចាប់អារម្មណ៍នោះទេ។ រាល់ថ្មនីមួយៗសុទ្ធតែជាវត្ថុសក្ការបូជារបស់ពុទ្ធសាសនិក បានប្រែក្លាយជាវិមានប្រាសាទពុទ្ធបដិមាដ៏អស្ចារ្យ និងទាក់ចិត្ដភ្ញៀវទេសចរក្រោយកិច្ចការជួសជុលដំឡើងតួប្រាសាទចតុមុខ ត្រូវបានបញ្ចប់ទាំងស្រុង។

ប្រាសាទព្រះពុទ្ធ៤អង្គទ្រង់ឈរទល់ខ្នងគ្នាបែរទៅទិសធំទាំង៤ ត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រ ដែលស្ថិតនៅក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ចន្លោះសតវត្សរ៍ទី១១ និង១៤ ដោយកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។

ព្រះពុទ្ធទ្រង់ឈរទល់ខ្នងគ្នា៤អង្គ កសាងឡើងឧទ្ទិសថ្វាយដល់ព្រះពោធិសត្វលោកេស្វរៈមុខ៤ ក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយានបដិមាព្រះពុទ្ធទ្រង់ឈរទល់គ្នាចំនួន៤អង្គ គឺជាប្រាសាទដ៏ល្អឯកដែលមិនទាន់ឃើញប្រាង្គប្រាសាទក្នុងតំបន់ផ្សេងៗ នៃប្រទេសកម្ពុជាមានទម្រង់ដូចប្រាសាទក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ។

ទ្រឹស្ដីព្រះសម្មាសម្ពុទ្ធបានចែងថាព្រហ្មវិហារធម៌របស់ព្រះពុទ្ធមានដូចជា (១) មេត្ដា៖ សេចក្ដីស្រលាញ់ប្រាថ្នាល្អចង់ឲ្យគេមានសេចក្ដីសុខមានចិត្ដមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្សសត្វទូទៅ។ (២) ករុណា៖ សេចក្ដីអាណិតជួយឲ្យរួចផុតទុក្ខ និងជួយសង្គ្រោះបំបាត់ទុក្ខលំបាកទាំងពួង។ (៣) មុទិតា៖ មានក្ដីត្រេកអរពេលឃើញអ្នកទាំងពួងមានសេចក្ដីសុខ និងមានចិត្ដរីករាយជានិច្ចចំពោះមនុស្សសត្វទាំងឡាយ។ (៤) ឧបេក្ខា៖ ការតម្កល់ចិត្ដស្ថិតនៅកណ្ដាលស្មើៗគ្នាដែលតម្រង់ក្នុងផ្លូវធម៌។

ប្រាសាទចតុមុខ ស្ថិតក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ដែលមានរចនាប័ទ្មដូចអង្គរវត្ដ ដូចបេងមាលា ជាអតីតរាជធានីដ៏ធំបំផុតនៅកម្ពុជា ដែលមានទំហំ៥គីឡូម៉ែត្រ៤ជ្រុង។

ភាពអស្ចារ្យដែលទាក់ទាញភ្ញៀវទេសចរ ស្ថិតនៅខាងក្រៅបរិវេណក្រុមប្រាសាទបាកាន នៅមានប្រាង្គប្រាសាទជាច្រើនទៀតដូចជា ប្រាសាទព្រះដំរី ប្រាសាទព្រះថ្កោល ប្រាសាទព្រះស្ទឹង ប្រាសាទមេបុណ្យ និងប្រាសាទចតុមុខជាដើម។

ធ្លាប់តែជាទីឋានបាក់បែកដែលភ្ញៀវទេសចរធ្វើដំណើរទៅហួសមកហួស ប្រាសាទចតុមុខ ស្ថិតនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រ តាមបណ្ដោយផ្លូវខាងឆ្វេងដៃពីខ្លោងទ្វារធំ នៃប្រាសាទបាកាន មិនត្រូវបានគេមើលឃើញអស់រយៈពេលជាច្រើនឆ្នាំ។

ប៉ុន្ដែក្រោយការជួសជុលលើកគំនរបាក់បែកផ្គុំជាប្រាសាទព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃ កម្ពស់ជាង១០ម៉ែត្រ ប្រែជាទីឋានទាក់ចិត្ដភ្ញៀវមុនពេលពួកគេបន្ដទៅកាន់ខ្លោងទ្វារធំ។

ក្រៅពីការទស្សនាព្រះពុទ្ធបដិមា៤អង្គ និងអុចធូបបួងសួង ទៅតាមជំនឿសាសនា អ្នកទេសចរក៏អាចមើលរូបភាព នៃគំនូរប្លង់តំបន់អភិរក្សរូបថតសម័យឆ្នាំ១៩៣៣ និងសកម្មភាពជួសជុលរួមជាមួយព័ត៌មានត្រួសៗបង្ហាញនៅក្ដារព័ត៌មានក្បែរប្រាសាទ។

ដំណើរទៅកាន់ប្រាសាទចតុមុខ អាចធ្វើឡើងលើកំណាត់ផ្លូវលេខ៦២ ចម្ងាយ២៦៦គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវលេខ២៦២៣អា ទៅកាន់ស្រុកសង្គមថ្មី ចម្ងាយប្រមាណ៤៥គីឡូម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ឬជាង៨០គីឡូម៉ែត្រពីក្រុងព្រះវិហារ ។ប្រាសាទចតុមុខ ស្ថិតនៅភាគខាងកើត នៃក្រុមប្រាសាទបាកាន ចម្ងាយប្រមាណ១០៥គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ដ ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

ប្រភពមកពី មរតកកម្ពុជា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner