អគ្គនាយកផ្សារមូលបត្រកម្ពុជា៖កម្ពុជាចំណេញច្រើនពេលកាត់បន្ថយចាយដុល្លារ
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ បានពន្យល់ថា ការប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាចំណេញច្រើនណាស់។ បើតាមអគ្គនាយករូបនេះ ចំណេញយ៉ាងហោច៥ចំណុច។ ទី១បើកម្ពុជាយកមាសឬក៏ទំនិញឬក៏សេវានានាទៅលក់នៅបរទេសដើម្បីទទួលបានក្រដាសប្រាក់ដុល្លារដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើកម្ពុជា[យើង]ប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។
ទី២ នៅកម្ពុជា មានសាច់ប្រាក់ដុល្លារចរាចរច្រើនលើសលប់ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ឬប្រាក់ចំណេញដល់កម្ពុជាទេ។ បើកម្ពុជា [យើង] ប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។
ដោយឡែកទី៣ ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តជាឧទាហរណ៍ថា រដ្ឋាភិបាលតែងចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច»។
ចំណុចទី៤ ប្រាក់រៀល មានស្ថិរភាពជាងរូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១ដុល្លារ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើកម្ពុជាប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។
ហើយចុងក្រោយ ការដែលមានរូបិយបណ្ណជាតិ ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ គឺជាមោទនភាពជាតិមួយ សម្រាប់ រដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា។
ការបកស្រាយគឺធ្វើឡើងបន្ទាប់ពីធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៨ខែឧសភាម្សិលមិញបានបើកកិច្ចប្រជុំស្តីពីការផ្អាកការប្រើប្រាស់ប្រាក់ដុល្លារប្រភេទ១,២ និង៥ដុល្លារ៕