ក្រសួងការងារ នឹងបើថវិកាជុនដល់បុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃ ដល់សាម៉ីខ្លួន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ អតីតបុគ្គលិកសណ្ឋាគារ The Great Duke ទៅបើកប្រាក់អត្ថប្រយោជន៍ដោយផ្ទាល់ខ្លួន ចាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ទៅទីស្ដីការក្រសួងការងារ។
សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា ក្រុមការងារក្រសួង នឹងបើកថវិកាជូនបុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃសាមីខ្លួនតែម្ដង ប៉ុន្ដែសាមីខ្លួនត្រូវភ្ជាប់ឯកសារទៅជាមួយ រួមមាន៖
*ទី១៖ កាតសម្គាល់ខ្លួនជាបុគ្គលិកក្នុងក្រុមហ៊ុន (ច្បាប់ដើម)
*ទី២៖ អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែត ឬលិខិតឆ្លងដែន (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ចម្លង)
*ទី៣៖ សៀវភៅគ្រួសារ ឬប័ណ្ណសមាជិក ប.ស.ស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)
*ទី៤៖ ក្នុងករណីបុគ្គលិកណាម្នាក់ទទួលមរណភាព ភាគីដែលជាប្ដី ឬប្រពន្ធ ត្រូវភ្ជាប់ជាមួយឯកសារដែលបានរៀបរាប់ខាងលើ និងភ្ជាប់មកបន្ថែមជាមួយនូវ៖ សំបុត្រមរណភាពរបស់បុគ្គលិក (សេចក្ដីចម្លងសំបុត្រមរណភាព), សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅគ្រួសារ (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន អ្នកមកបើកជំនួស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ចម្លង)។
សណ្ឋាគារនេះ នៅរាជធានីភ្នំពេញ គឺជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕