ធនាគារ ជីប ម៉ុង ចាប់ដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្សជាមួយក្រុមហ៊ុន៦ទៀត

អត្ថបទដោយ៖
Kien Sereyvuth

ធនាគារ ជីប ម៉ុង ដែលកំពុងបោះជំហានយ៉ាងលឿនក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា នៅថ្ងៃទី២៩ ខែឧសភានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន៦បន្ថែមទៀត លើភាពជាដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្ស ធ្វើឲ្យចំនួនគណនីបើកប្រាក់បៀវត្ស តាមរយៈធនាគារមួយនេះឡើងដល់ជាង១០០០០គណនី ។

លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់ធនាគារ ជីប ម៉ុង បានបញ្ជាក់ថា សេវាបើកប្រាក់បៀវត្ស ធនាគារ ជីប ម៉ុង បានផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំងម្ចាស់ពាណិជ្ជកម្ម និងបុគ្គលិករបស់ក្រុមហ៊ុន ។

លោក សុខឡេង បន្ថែមថា អត្ថប្រយោជន៍ទាំងអស់នោះរួមមាន រាល់ព័ត៌មានអំពីប្រាក់បៀវត្សរបស់បុគ្គលិក ដែលបានជ្រើសរើសបើកតាមរយៈធនាគារ ជីប ម៉ុង ត្រូវបានរក្សាជាការសម្ងាត់ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់២ភាគរយក្នុងមួយឆ្នាំលើគណនីប្រាក់បៀវត្ស និងអាចទទួលបានអាទិភាពក្នុងការស្នើសុំប្រាក់កម្ចីកាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

វត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគាររយៈពេលពីរឆ្នាំកន្លងមកនេះ ធនាគារ ជីប ម៉ុង បានអភិវឌ្ឍនូវសេវាកម្មធនាគារសំខាន់ៗ ដែលរាល់ផលិតផលនីមួយៗត្រូវរចនាសមស្រប និងតម្រូវតាមអតិថិជន រួមមាន កម្ចីផ្ទាល់ខ្លួន សេវាធនាគារតាមប្រព័ន្ធឌីជីថល ឥណទានពាណិជ្ជកម្ម និងភ្នាក់ងារធនាគារ ជីង ប៉ុង។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងជាអគ្គនាយកស្តីទីធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា «តាមរយៈការចាប់ដៃគូជាមួយធនាគារ ជីប ម៉ុង ដៃគូពាណិជ្ជកម្មរបស់យើងមិនត្រឹមតែទទួលបានអត្ថប្រយោជន៍យ៉ាងសម្បួរបែបពីធនាគារ ជីប ម៉ុងតែប៉ុណ្ណោះទេ ប៉ុន្តែទាំងអាចក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសម្បួរបែបសម្រាប់ពាណិជ្ជកម្មផ្សេងទៀតរបស់ ជីប ម៉ុង ផងដែរ។

រហូតមកដល់បច្ចុប្បនេះ ធនាគា ជីប ម៉ុង មានសាខាចំនួន៧ ដែលកំពុងប្រតិបត្តិការ និងគ្រោងពង្រីកចំនួនច្រើនសាខាបន្ថែមទៀត ភ្នាក់ងារធនាគារគ្រោងនឹងពង្រីកឲ្យបាន៥០០ទីតាំង កម្មវិធីទូរស័ព្ទ Bank! Bank! និងម៉ាស៊ីនដកប្រាក់ជាច្រើនកន្លែងទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner