មរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ

គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។

 «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូប នៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។

កុមារាសុភក្រ្ត័ត្រា អាយុ១១ឆ្នាំ បានអោយដឹងថា គាត់ពិតជាមានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនខ្មែរល្បុក្កតោ។ ចង់ចូលរួមអភិរក្ស លើកស្ទួយ និងសិក្សាស្វែងយល់បន្ថែម អំពីអ្វីដែលជាមរតកដូនតាជំនាន់មុន​ បានបន្សល់ទុក កុំអោយបាត់បង់។ បន្ទាប់ពីទំនេរពីការសិក្សានៅសាលាខ្មែរ ជារៀងរាល់ពេលល្ងាចប្អូនតែងតែទៅហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់។

កុមារាសុភក្រ្ត័ត្រា បានបន្តទៀតថា ការហាត់ក្បាច់គុន ដូចទៅនឹងការហាត់ប្រាណដែរ ដើម្បីអោយសុខភាពល្អ រាងកាយរឹងមាំចៀសផុតពីជំងឺផ្សេងៗ អាចការពារខ្លួនបាន និងចូលរួមថែរក្សាក្បាច់គុនខ្មែរកុំអោយបាត់បង់។ បើទោះបី ពេលហាត់មានការលំបាកខ្លះ ដូចជាឈឺដៃឈឺជើង ឈឺសាច់ដុំខ្លះ ហត់ ប៉ុន្តែប្អូននឹងព្យាយាមហាត់ ដើម្បីបង្ហាញអោយពុកម៉ែបងប្អូនបានឃើញ បានដឹង តាមកម្មវិធីបង្ហាញក្បាច់គុននានា។

កុមារាសុភក្រ្ត័ត្រា សូមនូមពរអោយពុកម៉ែបងប្អូន កុមារ ទាំងអស់ បន្តគាំទ្រក្បាច់គុនបុរាណខ្មែរ ទាំងកំលាំងកាយ កំលាំងចិត្ត ស្មារតី ក៏ដូចជាថវិការ ដើម្បីកុំអោយបាត់បង់។

សូមបញ្ជាក់ថា ចម្លាក់​ក្បាច់​​គុន​ល្បុក្កតោ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ត្រូវបានគេឃើញ​នៅ​តាម​សសរ​ក្លោង​ទ្វារ​នៃ​ប្រាសាទ​បាយ័ន​ដែល​ជា​​​ស្នាដៃ​របស់​​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។ ក្បាច់ ​គុន​វប្បធម៌​​របស់​កម្ពុជា​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ស្ដេច​នា​សម័យ​អង្គរ​ទទួល ​បាន​ជ័យជម្នះ​ក្នុង​ចម្បាំង​​ដើម្បី​គ្រប់គ្រង​​តំបន់​អាស៊ីអាគ្នេយ៍​​​ជាង ​៦០០​ឆ្នាំ​​ដោយ​​ចាប់​ផ្ដើម​ពី​​​​​​​​ឆ្នាំ​​៨០០​នៃ​គ្រឹះ​សករាជ។ ល្បុក្កតោ​​ក្នុង​របប​​ប៉ុល ពត នៅ​ក្នុង​សម័យ​ ប៉ុល ពត​ពី​ឆ្នាំ​១៩៧៥-១៩៧៩ ​អ្នក​ដែល​​​ចេះ​ក្បាច់​គុន​គឺ​ត្រូវ​បាន​​សម្លាប់​ដោយ​របប​ខ្មែរ​ក្រហម​ ត្រូវ​ជម្លៀស ឬ ឈប់​រៀន​ក្បាច់​គុន​តទៅ​ទៀត​និង​លាក់​មិន​ឲ្យ​គេ​ដឹង។ ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​​បញ្ចប់​ លោក ​ សាន គឹម ស៊ាន​ ​ជា​អ្នក​នាំ​យក​ល្បុក្កតោ​ឲ្យ​រស់​ឡើង​វិញ។

ឆ្នាំ ​២០០១​ ​លោក​ សាន គឺមស៊ាន​ បាន​ត្រឡប់​ទៅ​ទី​ក្រុង​ភ្នំ​ពេញ និង​បាន​បង្ហាត់​ល្បុក្កតោ​​​ដល់​យុវជន​មួយ​ចំនួន។ ជា​មួយ​គ្នា​នោះ​ដែរ​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ដើម្បី​ស្វែង​រក​​លោក​គ្រូ​ល្បុក្កតោ​ ចាស់ៗ​ដែល​នៅ​មាន​ជីវិត​ពី​របប​សង្គ្រាម។ នៅ​ថ្ងៃ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០០៤​ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​លោក​គ្រូ​ សាន គឹមស៊ាន​ ជា​ប្រធាន។ ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​​ល្បុក្កតោ​មិន​ធ្លាប់​មាន​គឺ​ត្រូវ​ធ្វើ​ឡើង ​នៅ​​ចាប់​ពី​ថ្ងៃ​ទី២៦-២៩ ​​ ខែ​កញ្ញា​ឆ្នាំ​២០០៦​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ​ការ​ប្រកួត​គឺ​មាន​ការ​ដឹក​នាំ​ពី​សំណាក់​លោក​គ្រូ​ចាស់ៗ​ចំនួន​២០​នាក់​មក ​ពី​​៩​ខេត្ត៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner