រាជរដ្ឋាភិបាលថៃ ផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីចូលរួមដោះស្រាយ ការ លំបាកពីទឹកជំនន់
រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមដោះស្រាយ នូវការលំបាករបស់កម្ពុជាក្នុងហេតុគ្រោះទឹកជំនន់នាពេលកន្លងទៅ។ ថវិកាជាជំនួយសប្បុរសធម៌នេះ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា យកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ក្រៅពីផ្តល់ថវិកាជាជំនួយសប្បុរសធម៌នេះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកអគ្គរាជទូតថៃ បានជួបពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការលើការងារគ្រោះមហន្តរាយជាដើមរវាងកម្ពុជា និងថៃ។
ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា, ឯកឧត្តម គន់ គីម បានថ្លែងអំណរ គុណរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋថៃ ដែលបានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដើម្បីដោះ ស្រាយការលំបាករបស់កម្ពុជាបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះ។
ឯកឧត្តម បានជម្រាបឯកអគ្គរាជទូតថៃ ពីផលប៉ះពាល់របស់កម្ពុជាបណ្តាលពីជំនន់ទឹកភ្លៀង និងចំណាត់ការបន្ទាន់មួយចំនួនរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះពីទឹកជំនន់ និងការផ្តល់ស្បៀងអាហារជាដើម។ ជាពិសេស គឺការឆ្លើយបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអរគុណភាគីថៃ ដែលបានចូលរួមសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់នៅតាមព្រំដែន តាមរយៈកិច្ចសហការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធទឹកធ្លាក់ពីខាងប្រទេសថៃ។ ឯកឧត្តម ស្នើភាគីថៃ បន្តផ្តល់កិច្ចសហប្រតិបត្តិការ បែបនេះបន្តទៀតសម្រាប់ឆ្នាំខាងមុខៗ ដើម្បីធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយនេះ។
ឯកអគ្គរាជទូតថៃ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញវិធានបន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា បង្កឡើងដោយ គ្រោះទឹកជំនន់។ ជាពិសេសការដោះស្រាយបានយ៉ាងល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាបាននូវស្ថេរភាពសេដ្ឋកិច្ចក្នុងកំលុងពេលនេះ។ ឯកអគ្គរាជទូតថៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដែលបានចុះធ្វើសកម្មភាពដោយផ្ទាល់ នៅតំបន់ ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ហើយជួយដោះស្រាយបានល្អប្រសើរ និងទាន់ពេលវេលា។ ឯកអគ្គរាជទូតថៃ ក៏បានបង្ហាញពីជំហរ និងស្មារតីរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចូលរួមសហការជានិច្ចជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងឡាយនៅតាមព្រំដែនមិនថាគ្រោះទឹកជំនន់ គ្រោះមហន្តរាយផ្សេង ឬបញ្ហាជំងឺកូវីដ១៩នោះទេ៕