អ្នកអភិរក្សសំដែងការសោកស្តាយ ចំពោះការ ស្លាប់កូនសត្វផ្សោត១ក្បាលនៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF ការសោកស្តាយយ៉ាងខ្លាំងបំផុត បន្ទាប់ពីមានសត្វផ្សោតមួយក្បាលត្រូវបានប្រទះឃើញស្លាប់ នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF ចាញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថាប្រជាពលរដ្ឋ ក្នុងភូមិបានប្រទះឃើញសាកសពរបស់សត្វផ្សោតនេះអណ្តែតលើដងទន្លេកាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា មន្រ្តីជំនាញបានពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព ដែលនៅមានសភាពស្រស់នៅឡើយ ដោយបាន សន្មត់ថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ប្រមាណជារយៈពេលពីរថ្ងៃហើយ។ លទ្ធផលនៃការ វិភាគបឋម បានបង្ហាញថាសត្វផ្សោតដែលស្លាប់នេះជាកូនសត្វផ្សោតឈ្មោល ដែលមានអាយុ ប្រមាណជា ៧ ថ្ងៃប៉ុណ្ណោះ ហើយមានទម្ងន់ចំនួន ១២ គីឡូក្រាម និងមានប្រវែង ១០៣ សង់ទីម៉ែត្រ។
មូលហេតុនៃការសា្លប់ របស់កូនសត្វផ្សោតនៅមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រអាចកំណត់ឲ្យបានច្បាស់លាស់នៅឡើយ ដែលជាកត្តាធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការរស់រានរបស់ សត្វផ្សោតប្រភេទដ៏សំខាន់ជាសកលមួយនេះទៅថ្ងៃអនាគត។ សូមបញ្ចាក់ថា កន្លងមកការជាប់នឹងមងនេសាទ និងការនេសាទដោយប្រើឧបករណ៍ច្បាប់ហាមឃាត់សុទ្ធសឹងជា មូលហេតុចំបងៗដែលបណ្តាលឲ្យសត្វផ្សោតពេញវ័យស្លាប់។
ដោយឡែកគេចាំបាច់ត្រូវអនុវត្តជាបន្ទាន់នូវវិធានការរួមគ្នាឲ្យខ្លាំងបន្ថែមទៀតដើម្បីការពារសត្វផ្សោតទន្លេមេគង្គឲ្យរួចផុតពីការបាត់បង់ ស្របពេលដែលលទ្ធផលនៃការធ្វើជំរឿនចុងក្រោយបង្អស់បានបង្ហាញថា មានសត្វផ្សោតតែចំនួន ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃកម្ពុជា៕