អភិបាលខេត្តកំពង់ធំ នាំយកអំណោយ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត ៨០០គ្រួសារ កំពុងរស់នៅលើផ្ទះបណ្តែតទឹក នៃផ្ទៃបឹងទន្លេសាប
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹក តាមបណ្តោយបឹងទន្លេសាប ៧៥០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីប្រធានក្រុមករងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងសប្បុរសជនជនជាតិចិន តាមរយៈ អភិបាលខេត្តកំពង់ធំ លោក សុខ លូ ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍មកនេះ នៅក្នុងភូមិសាស្ត្រ ត្រើយខាងកើតបឹងទន្លេសាប ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
អភិបាលស្រុកស្ទោង លោក ណែត សារី បានឲ្យដឹងថា ស្រុកស្ទោង មានមួយឃុំ គឺឃុំពាមបាង ដែលមានភូមិសាស្ត្រ ស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ឆ្ងាយពីទីប្រជុំជនស្រុកប្រមាណ ៥០គីឡូម៉ែត្រ និងមានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ៣ពាន់ ៦៤១នាក់ ដែលសុទ្ធសឹងជាអ្នកប្រកបរបរនេសាទ។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា ប្រទេសកម្ពុជា បានជួបវិបត្តិជំងឺកូដ១៩ ហើយក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង ថែមទៀតផង បើគិតពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី២៧ តុលាឆ្នាំ២០២០ មានរាជធានី-ខេត្តចំនួន ២០ បានរងគ្រោះដោយទឹកជំនន់។ ដោយឡែកសម្រាប់ខេត្តកំពង់ធំ មានការប៉ះពាល់ផ្ទះ ១១ពាន់ ៦៩៥ ខ្នង នៃក្រុង-ស្រុកទាំង៩ ក្នុងនោះ មានអ្នកស្លាប់ ៨នាក់ ខូចខាតស្រូវ ១០ពាន់ ៣៣៥ ហិកតា និងខូចខាតដំណាំរួមផ្សំ ២៥៦ ហិកតា។ ចំពោះស្រុកស្ទោង ដំណាំស្រូវរងការខូចខាត ៤ពាន់ ៤៣៣ ហិកតា ផ្លូវជាតិ និងផ្លូវខេត្តរងការខូចខាត ជាច្រើនកន្លែង ផងទៀត។
លោកអភិបាលខេត្ត បានបន្តថា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ហើយបានចុះដោយផ្ទាល់ នៅកន្លែងដែលរងនឹងគ្រោះទឹកកជំនន់ខ្លាំង ដើម្បីនាំយកស្បៀងអាហារ និងសម្ភារៈបរិក្ខាប្រើប្រាស់ មកផ្គត់ផ្គង់ប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។
ហើយនៅក្រោយទឹកស្រកចុះអស់ទៅវិញនេះរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យ និងស្តារហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ ដែលរងការខូចខាតដោយទឹកជំនន់ និងជំរុញវិស័យកសិកម្ម ឲ្យមានការដាំដុះឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរឡើងវិញ។បន្ទាប់មក លោកអភិបាលខេត្ត បានចែកអំណោយជូនប្រជាពលរដ្ឋទាំង ៧៥០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថ្នាំ Tiffy ៥បន្ទះផងដែរ៕ដោយ៖ឡុង សំបូរ