គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងថ្ងៃ ទាំងយប់
ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញ និងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តន៍វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរទាំងថ្ងៃ ទាំងយប់ សំដៅធ្វើយ៉ាងណាឲ្យកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព និងជំរុញឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា និង ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ រថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធន់ធំបើកចូលរាជធានីភ្នំពេញ ព្រមទាំងចុះល្បាតតាម តំបន់ស្មុគ្រស្មាញ នៅក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
យុទ្ធនាការពេលថ្ងៃ និងពេលរាត្រីដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនេះគណៈបញ្ជការឯកភាពខណ្ឌបានធ្វើជាប្រចាំដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្តន៍ នៅតាមគោលដៅដែលបានកំណត់ រួមមានផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគ្រស្មាញ ៕ ធី សណ្តោស