កម្ពុជា និងសហភាពអឺរ៉ុប បង្កើនសហប្រតិបត្តិការ ដើម្បីពង្រីកទំហំវិនិយោគ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-19

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានព្រមព្រៀងលើកិច្ចបង្កើនសហប្រតិបត្តិការរួមគ្នា ដើម្បីធ្វើយ៉ាងណាពង្រីកនូវទំហំវិនិយោគ និងពាណិជ្ជកម្មរួមគ្នា ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយរងគ្រោះដោយសារតែវិបត្តិនៃជំងឺកូវីដ19 ។

ឯកឧត្តមសុខ សុភ័ក្ត្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-19 លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុក្រុមស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី11 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី26-27 ខែវិច្ឆិកាឆ្នាំ2020ខាងមុខនេះ តាមប្រព័ន្ធវីដេអូផងដែរ។

នាពេលថ្មីៗចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាត្រូវបានគេមើលឃើញថា ក៏កំពុងតែស្ថិតក្នុងការប្រឈមនឹងហានិភ័យកាន់តែខ្ពស់ទាក់ទងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប។ ទាក់ទិននឹងការវិវឌ្ឍថ្មីចុងក្រោយនៃភាពមិនច្បាស់លាស់ នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។
ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-19 ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្មនិងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា។

រូបភាព ៖ កិច្ចប្រជុំធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ

ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ៊្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀតដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020ខាងមុខនេះដែរ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ គណៈកម្មាធិការអឺរ៉ុប (EC) និងអង្គការអន្តរជាតិ ខ្លះៗទៀតបានប្រកាសព័ត៌មានមិនសូវគួរជាទីគាប់ចិត្តស្ដីពីកំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប។ រលកថ្មីនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យយឺតយ៉ាវសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុប ព្រមទាំងបានបញ្ជាក់ថា សេដ្ឋកិច្ច អឺរ៉ុបនឹងមិនអាចវិលត្រឡប់ទៅប្រក្រតីឡើងវិញមុនឆ្នាំ2023បានឡើយ។

ក្នុងការព្យាករថ្មីបំផុតនៅដើមខែវិច្ឆិកា EC បានចាត់ទុកថា សេដ្ឋកិច្ចតំបន់ Eurozone នឹងទទួលបានកំណើន4.2%ក្នុងឆ្នាំក្រោយ ពោលគឺទាបជាងច្រើនបើប្រៀបធៀបនឹងការព្យាករណ៍ 6.1% ដែលបានធ្វើឡើងកាលពីខែកក្កដា។

រូបភាព ៖ កិច្ចប្រជុំធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ

ការធ្លាក់ចុះសេដ្ឋកិច្ចអាចឃើញយ៉ាងច្បាស់លាស់ជាងនៅ តាមប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចនាំមុខគេនៅអឺរ៉ុប។

នៅអាល្លឺម៉ង់ និន្នាការស្ដារឡើងវិញនៃការបញ្ជាទិញឧស្សាហកម្មបានយឺតជាងក្នុងខែ កញ្ញា ក្នុងបរិបទដែលរដ្ឋាភិបាលចាត់វិធានការរឹតត្បិតថ្មីដើម្បីឆ្លើយតបនឹង ការរីករាលដាលយ៉ាងខ្លាំងនៃជម្ងឺ Covid-19។ ជាក់ស្ដែងគឺ បរិមាណនៃការ បញ្ជាទិញឧស្សាហកម្មត្រឹមតែកើន0.5% បើប្រៀបធៀបនឹងខែសីហា ហើយតួលេខនេះទាបជាងកម្រិត1.5%តាមការព្យាករ។

នៅបារាំង សកម្មភាពអាជីវកម្ម ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ15%នៅពេលរដ្ឋាភិបាលបិទប្រទេសសាជាថ្មីម្ដងទៀត។ នៅអេស្ប៉ាញវិញ លទ្ធផលសេដ្ឋកិច្ចក្នុងត្រីមាសទី3នៅតែ ទាបជាង8.7%បើប្រៀបធៀបនឹរយៈពេលដូចគ្នានៃឆ្នាំ2019។

ក្នុងការខិតខំប្រឹងប្រែង ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ សភាសហភាពអឺរ៉ុប (EP) និងប្រទេសសមាជិក ទាំង27បានឯកភាពគ្នាថា នឹងផ្សារភ្ជាប់ពង្រាងច្បាប់ថវិការយៈពេលវែងនៃប្លុកជាមួយរចនាសម្ព័ន្ធមួយសំណូមពរឱ្យបណ្ដាប្រទេសគោរពនីតិរដ្ឋ EU នេះត្រូវបានចាត់ទុកថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការ អនុម័តលើថវិការយៈពេលវែងក្នុងតម្លៃ 1,100 ពាន់លានអឺរ៉ូ និងកញ្ចប់ ជួយសង្គ្រោះក្នុងតម្លៃ 750 ពាន់លានអឺរ៉ូដើម្បីស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner