បើកបេះដូងអ្នក រឺក៏ OPEN YOUR HEART៖ គំនូរដីសបែបសិល្បៈរបស់អង្គការ យូណេស្កូ ជំរុញ ប្រជាជនកម្ពុជាឱ្យពង្រឹងនូវសាមគ្គីភាពសង្គម ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩
អង្គការយូណេស្កូ (UNESCO) បានចាប់ផ្តើមធ្វើយុទ្ធនាការបែបសិល្បៈមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំង នឹងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វ ផ្សាយព័ត៌មានមិនពិតអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេល២ខែមកហើយ។ តាមរយៈយុទ្ធនាការនេះ យើងសង្កេតឃើញថាមានក្រុមមនុស្ស អង្គការ ស្ថាប័នមួយចំនួនបានស្ម័គ្រចិត្តនៅក្នុងការចូលរួមសហការ ដើម្បីផ្សព្វផ្សាយពីការសន្ទនាបែបអន្តរវប្បធម៌ ការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។
ចំពោះស្ថាប័នព័ត៌មានក្នុងស្រុកដែលឈានមុខគេ ដូចជា ខ្មែរ ថាមស៍ (Khmer Times) ភ្នំពេញប៉ុស្តិ៍ (the Phnom Penh Post) និងស្ថាប័នព័ត៌មានក្នុងស្រុកផ្សេងៗទៀត ក៏បានធ្វើការជាក្រុម ដើម្បីបង្កើនការយល់ដឹងពីយុទ្ធនាការបែបសិល្បៈនេះ ដែលមានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការយូណេស្កូ (UNESCO) និង ជំរុញដល់ការសន្ទនារវាងប្រជាជនកម្ពុជា និងប្រជាជនដែលមានជាតិសាសន៍ផ្សេងៗគ្នា ផងដែរ ។ យុទ្ធនាការបែបសិល្បៈដោយប្រើដីសនេះត្រូវបានសហការដោយអង្គការយូណេស្កូ ជាមួយនឹង ក្រុមហ៊ុន ហាវ៉ាស សំាប៉ាញ ផ្នែក សូសល ប៊ីស៊ីណេស យូនីត និង ស្ទូឌីយ៉ូ បាសាក់ របស់លោក ថមមី (Thommy) និង អ្នកនាង អេននី (Annie) ដែលជាខ្មែរ -បារាំង។ គំនូដីសបែបសិល្បៈនោះ បានបង្កប់នូវអត្ថ ន័យដ៏ធំធេង ដោយការប្រើប្រាស់រូបផ្ការីកពាក្យពេចន៍ខ្លីៗ មានន័យមួយចំនួន ទាំងភាសាខ្មែរ និងអង់គ្លេស និងរូបសញ្ញាផ្សេងៗ ។ ពាក្យពេចន៍ដែលប្រើប្រាស់នោះត្រូវបានជ្រើសរើសដើម្បីបង្ហាញពីការប្រឈម ដែលកំពុងមានក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ និងពាក្យពេចន៍វិជ្ជមាន និងលើកទឹកចិត្តមួយ ចំនួនពីប្រធានបទនៃយុទ្ធនាការ “បើកបេះដូងអ្នក” (Open Your Heart) ។ ចំពោះអត្ថន័យនៃរូបផ្កាវិញ គឺយើងចង់បង្ហាញពីភាពផុយស្រួយនៃជីវិត និងការ រីកសាយភាយនៃវីរុសនៅក្នុងខ្យល់ ។ ផ្ទៃជារង្វង់ និង គ្រាប់ពូជផ្កា គឺបង្ហាញពីធាតុសំខាន់ពីរនៃស្លាកសញ្ញារបស់យុទ្ធនាការ របស់យើង ដោយក្នុងនោះមានរូប តំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងរបស់អ្នក”។ យើងសង្ឃឹមថាពាក្យពេចន៍ សាមញ្ញៗ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាង នឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ ក្នុងឈ្វេងយល់ និងចូលរួមជាមួយ នឹងយុទ្ធនា ការនេះ។ ធម្មជាតិរបស់ដីសគឺងាយនឹងរលុប ដូច្នេះយើង សង្ឃឹមថាផល ប៉ះពាល់ អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពីជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅនៅចុង បញ្ចប់នៃរដូវវស្សានេះ ។ ឆ្លើយតបទៅនឹងកិច្ចការដ៏មានតម្លៃនេះយើងទទួលបានការសហការពីបណ្តាហាងល្បីៗមួយចំនួនដូចជា ហាងកាហ្វេប្រោន អគាររ៉េនទ្រីកម្ពុជា ហាង Farm to Table និងហាងកាហ្វេ Dutch&Bean ក្នុងការផ្តល់នូវទីតាំង ដើម្បីដាក់បង្ហាញនូវរូបគំនូរដីស និងការគូររូបលើជញ្ជាំងរបស់ហាងកាហ្វេប្រោន (Brown) សាខា Roastery ដែលស្ថិត នៅលើផ្លូវ ៥៧ និង ខណ្ឌទួលគោក។
លោក លីវ ឈួង ជាអ្នកគ្រប់គ្រងទូទៅនៃហាងកាហ្វេប្រោនបានលើកឡើងថា៖ “ ហាងកាហ្វេប្រោនតែងតែ ផ្តល់ការ គាំទ្រស្មារតីរបស់សហគមន៍នៅគ្រប់កាលៈទេសៈ។ ចំពោះយើង សហគមន៍គឺជាកន្លែងរបស់យើង គ្រប់គ្នា ដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរ សាសនា ឬសូម្បីតែភេទនោះឡើយ ។ ក្នុងពេលវេលាដ៏លំបាកនេះ ការជួយគាំទ្រ ទៅដល់ស្មារតីរបស់សហគមន៍គឺកាន់តែមានសារសំខាន់ជាង ពេលណាៗទាំងអស់ ដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយគ្នា មិនមែនជាការប្រយុទ្ធ ឬរើសអើងបុគ្គល ជាមួយនឹង សហគមន៍នោះឡើយ។ ដូច្នេះ យើងពិតជាគាំទ្រយុទ្ធនាការ “បើកបេះដូងអ្នក” ដើម្បីចែក រំលែក ក្តីស្រឡាញ់ទៅកាន់សហគមន៍របស់យើង។
សូមបញ្ជាក់ថា ក្រៅពីយុទ្ធនាការ “បើកបេះដូងអ្នក” អង្គការយូណេស្កូ និងក្រុមហ៊ុន ហាវ៉ាស សំប៉ាញ ក៏បានសហការគ្នាធ្វើនូវយុទ្ធនាការលើបណ្តាញទំនាក់ទំនងសង្គម គឺ #DontGoViral ដើម្បីណែនាំសាធារណជនពីការស្វែងរកព័ត៌មានពិតត្រឹមត្រូវដែលអាចជឿទុកចិត្តបាននៅលើបណ្តាញសង្គម។ ក្នុងនោះ យើងក៏ទទួលបាននូវការចូលរួមសហការពីសិល្បករដ៏ល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជា៖ ក្រុម SmallWorld SmallBand កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ចិត្ត កញ្ចនា កញ្ញា ស៊ិន យូប៊ីន និងកញ្ញា ស៊ិន សេដ្ឋសុជ្ឈតា ។
ជាពិសេសយើងក៏ទទួលបាននូវការអនុញ្ញាតឱ្យប្រើប្រាស់បទចម្រៀង “ទង់ជាតិខ្មែរ” របស់ក្រុម SmallWorld SmallBand សម្រាប់យុទ្ធនាការរបស់យូណេស្កូ ដើម្បីពង្រឹងនូវចំណងសាមគ្គីភាព និងទំនាក់ទំនងរបស់មនុស្សគ្រប់សញ្ជាតិនៅក្នុងប្រទេសកម្ពុជា ។ តាមរយៈយុទ្ធនាការរបស់អង្គការ យូណេស្កូ អ្នកប្រើប្រាស់បណ្តាញសង្គមជាង៦២៦.៧២៨នាក់បានដឹងពីរបៀបនៅក្នុងការស្វែងរក និងទទួល យកព័ត៌មានពីប្រភព ដែលអាចជឿទុកចិត្តបាននៅលើប្រព័ន្ធអនឡាញ និងការប្រើប្រាស់ និងចែករំលែកព័ត៌ មានទាំង នោះបានត្រឹមត្រូវ។ គំនិតផ្តួចផ្តើមទាំងអស់នេះជាផ្នែកមួយនៃបេសកកម្មដ៏មានតម្លៃរបស់អង្គការ យូណេស្កូ ដើម្បីពង្រឹងនូវសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្នុង ប្រទេសកម្ពុជា ។ ដើម្បីទស្សនាវីដេអូពេញនៃយុទ្ធនាការ “បើកបេះដូងអ្នក” សូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់អង្គការ យូណេស្កូ៖
https://www.facebook.com/unescophnompenh/videos/267125305314014