ស្ថានទូតថៃបានប្រគល់ថវិកា៣ម៉ឺនដុល្លារដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់

ការផ្ដល់ថវិកានោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយ Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូនៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រីគន់ គីម និង លោក ឯកអគ្គរាជទូតថៃ បានពិភាក្សាគ្នាលើបញ្ហា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលកន្លងមករវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជន និងប្រជាជន។

ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលបានបង្កនូវលទ្ធភាពល្អប្រសើរ នឹងបានជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ ដែលនោះគឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលភាគីថៃ បានផ្តល់មកដល់កម្ពុជា។ លោកទេសសរដ្ឋមន្ត្រី គន់ គីម ក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្តាត់ ការឆ្លងដែនខុសច្បាប់ ដើម្បីបង្ការការីរាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបញ្ជាក់ពីការសាមគ្គីភាពយ៉ាងល្អប្រសើរ នឹងជាប្រទេសអាស៊ានជិតខាងដ៏ល្អដែលបានរួបចំណែកជួយដល់កម្ពុជា។

ជាការឆ្លើយតប លោក ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋថៃ ភ្ញៀវទេសចរណ៍ថៃ។ ជាមួយគ្នានោះ លោកឯកអគ្គរាជទូតថៃ បានប្រគល់នៅវិភាគទាន ចំនួន៣ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។

លោក ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនថៃ ដែលបានផ្តល់ជំនួយសម្រាប់ស្តារឡើងវិញដល់ខេត្តរងគ្រោះដោយទឹកជំន់ និងចូលរួមសហការ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានចាត់ទុកកាយវិការរបស់រាជរដ្ឋាភិបាលថៃ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីមិត្តភាព សាមគ្គីភាព រវាងកម្ពុជា និងថៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner