រដ្ឋាភិបាល សម្រេចអនុម័តគម្រោងថ្មីចំនួន 2 ក្នុងទំហំវិនិយោគសរុបជាង8លានដុល្លារ
ភ្នំពេញ ៖ គម្រោងវិនិយោគថ្មីចំនួន2 បន្ថែមទៀត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់សរុបចំនួន 8,6 លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តគាំទ្រ និងចុះបញ្ជីវិនិយោគជាផ្លូវការ ដែលបានបង្កើតឱកាសការងារជិត606 កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2020នេះ បានបញ្ជាក់ថា តបតាមការស្នើសុំវិនិយោគពីវិស័យឯកជន រាជរដ្ឋាភិបាលបានសម្រេចគាំទ្រ និងអនុម័តទាំងស្រុង ដោយគម្រោងទាំង2 នេះ មានឈ្មោះដូចខាងក្រោម ៖
1- “K R R PROCESSING FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ 6,3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 362កន្លែង។
2- “ABLE POINT INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតសក់សិប្បនិម្មិត និង ផលិត ម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2,3លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 246កន្លែង៕