រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ត្រូវបានក្រសួងសារណការ រកឃើញនៅលើកំណាត់ផ្លូវលេខ៦០ ស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃ១៦ វិច្ឆិកាឆ្នាំ២០២០ បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់។

ក្នុងនោះរថយន្តចំនួន២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី៥% ទៅ ២០% និងរថយន្តចំនួន៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០%។ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% ត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។

ដោយឡែកចំពោះរថយន្ត៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% ត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងលេខ០៤៩ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនោះ បានចាប់អនុវត្តពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២០តទៅ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ចូលរួមសហការអនុវត្តន៍ច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ ឆាប់ខូចមុនអាយុកាល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner