កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ទៀតនៅថ្ងៃនេះ និងមិនមានជាសះស្បើយបន្ថែមទៀតឡើយ
យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ១៨វិច្ឆិកានេះ បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ នៅថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០២០។ អ្នកឆ្លងថ្មីនោះ ជាស្ត្រីជនជាតិខ្មែរ អាយុ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនោះ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនោះ មានចំនួន១២៣នាក់ផ្សេងទៀត មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅវិទ្យាល័យបុរី១០០ខ្នង និងនៅតាមសសណ្ឋាគារមួយចំនួន នារាជធានីភ្នំពេញ ព្រមទាំងនៅស្ថានទូតជប៉ុនម្នាក់។
ពាក់ពន្ធ័នឹងព្រឹត្តិការថ្ងៃទី៣ វិច្ឆិកា ក្រសួងសុខាភិបាលបានជូនដំណឹងថា នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ពន្ធ័ ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកា នៅសល់៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀត នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០ ជាថ្ងៃធ្វើតេស្ដលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលមានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ-១៩កន្លងមក ហើយក៏អាចបានវិលត្រលប់ទៅកាន់ការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ។
យោងតាមក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃ១៨ វិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

