សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរលោកស្រី អោង សាន ស៊ូជី ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ បានផ្ញើសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា។ ក្នុងសារលិខិតនោះ សម្តេចតេជោ បានបញ្ជាក់ថា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបសម្ដេចផ្ទាល់ សម្ដេចអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកស្រី អោង សាន ស៊ូជី ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក។ សម្តេចបានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនោះ បានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្សលោកស្រី។
សារលិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកស្រីអោង សាន ស៊ូជី ប្រទេសមីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ សម្ដេចបានបង្ហាញការជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពប្រកបដោយបរិយាបន្ន័ និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស។
សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី អោង សាន ស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំង២ និងសម្រាប់សហគមន៍អាស៊ានទាំងមូល៕

