កម្ពុជា និង ដាណឺម៉ាក សន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
ភ្នំពេញ៖ ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសមរវាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គរាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក និងបានជម្រាប លោក ចន ថូរហ្គាដ ពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោក ចន ថូរហ្គាដ បានជម្រាបជូន លោក អ៊ូក សោភ័ណ អំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ ទោះបីជាបែបនោះក្តី លោកឯកអគ្គរដ្ឋទូតដាណឺម៉ាក បានបង្ហាញសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តបន្តជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសនានារាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារលោកផ្ទាល់ជាប្រធានក្រុមឯកអគ្គរាជទូតណឺម៉ាកប្រចាំនៅប្រទេសចំនួន១៧ រួមទាំងតំបន់អាស៊ានផងដែរ។
ក្នុងជំនួបនោះ ឯកអគ្គរាជទូតកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹងវិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទំហំការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ សម្រេចបានត្រឹមតែជាង៣០០លានដុល្លារអាមេរិក៕