អង់គ្លេសនឹងឈប់លក់ប្រភេទរថយន្តប្រើប្រេង និងសាំងចាប់ពីឆ្នាំ2030 តទៅ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា រាល់ប្រភេទរថយន្តថ្មីទាំងរថយន្តបួនកៅអី និងរថយន្តដឹកអ្នកដំណើរដែលប្រើប្រាស់ថាមពលសាំង និងប្រេងទាំងអស់នឹងមិនអាចត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ទៀតឡើយនៅក្នុងប្រទេសអង់គ្លេសចាប់ពីឆ្នាំ 2030 តទៅ។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រី Boris Johnson ប៉ុន្តែទោះបីជាយ៉ាងណាក្តីរថយន្តប្រភេទកូនកាត់Hybrid មួយចំនួននឹងអាចអនុញ្ញាតឲ្យមានដំណើរការជាធម្មតា។ច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃអ្វីដែលលោកនាយករដ្ឋមន្ត្រី
បានហៅថាជាបដិវត្តឧស្សាហកម្មបៃតង “green industrial revolution”ដើម្បីអាចប្រឈមមុខទៅនឹងបញ្ហាបម្រែប្រមូលអាកាសធាតុផង និងដើម្បីបង្កើតការងារឲ្យបានកាន់តែច្រើនផង។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលរបស់លោក Johnson ក៏ទទួលបានពាក្យរិះគន់មិនតិចនោះដែរពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាដែលខ្លួនបានអនុម័តដែលមានការលើកឡើងជាច្រើនថាលុយត្រឹមតែ 4 ពាន់លានផោនគឺមានកម្រិតតិចតួចណាស់ដើម្បីអាចធ្វើរឿងនេះបានជោគជ័យ។

ជាការឆ្លើយតបរដ្ឋាភិបាលអង់គ្លេសបាននិយាយថាកញ្ចប់ថវិកានេះគឺស្ថិតនៅក្នុងកញ្ចប់ថវិកាសរុបប្រមាណជា 12 ពាន់លានផោនដើម្បីធ្វើកិច្ចការងារនេះហើយលើសពីនេះអ្វីដែលខ្លួនរំពឹងទុកយ៉ាងជឿជាក់នោះគឺថានឹងមានការចូលរួមពីវិស័យឯកជនកាន់តែខ្លាំងនិងច្រើនឡើងនាពេលខាងមុខ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner