«បើកកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២០» តាមរយៈវីដេអូខនហ្វឺរេន
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វឺរេនដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ ព្រមទាំង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹង ជំងឺ អេដស៍ តាមក្រសួង រដ្ឋលេខាធិការដ្ឋានរាជធានី-ខេត្ត និងមន្រ្តីកាកបាទក្រហមកម្ពុជា ។
ទេសរដ្ឋមន្រ្តី អៀង មូលី ថ្លែងនៅក្នុងកិច្ចប្រជុំថា យោងតាមគម្រោងផែនការសកម្មភាពឆ្នាំ២០២០ កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រារព្ធឡើងរៀងរាល់៦ខែម្តង។ កិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០២០ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២០ ។ ការពិភាក្សាលើចំណុចខ្វះខាតមួយចំនួន ដែលទាមទារនូវដំណោះស្រាយ តាមរយៈការចូលរួមរបស់លោក លោកស្រី នាងកញ្ញា ដែលមានវត្តមាន។ តាមរបៀបវារៈកិច្ចប្រជុំ យើងនឹងមានបទបង្ហាញចំនួន២ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍រូបនេះ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់ យ៉ាងច្បាស់លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី», «គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» ត្រឹមឆ្នាំ២០២៥។
លទ្ធផលដែលទទួលបានពីកិច្ចប្រជុំ ពិតជាមានសារៈសំខាន់ ដែលនឹងផ្តល់ទៅដល់ក្រុមការងារបច្ចេកទេស អាចយកទៅប្រើប្រាស់ក្នុងការបន្តការអនុវត្តការងារឆ្លើយតប ទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឆ្នាំ២០២១ ខាងមុខ ទៅតាមអនុសាសន៍ដែលនឹងផ្តល់ជូន ក្នុងសម័យប្រជុំពេញអង្គនាពេលនេះ៕
