ទូតអង់គ្លេសប្រចាំកម្ពុជា កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភព អង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាល-ដាល នៃជំងឺកូវីដ-១៩ ។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងអាណិត្តបំពេញ ភារកិច្ចការទូតនេះ លោកជំទាវ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជ រដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ។ បន្ថែមលើកិច្ចពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វភាគី, ភាគីទាំងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក ជាដើម និងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នកវិនិយោគិនទៅវិញទៅមកឲ្យបានច្រើនបន្ថែមទៀត ។

នៅក្នុងឱកាសនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ចូលរួមចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍ នានា ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងជា បន្តបន្ទាប់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមនៅ កម្ពុជា ពិសេសការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា, ថ្នាក់ក្រោយឧត្តមសិក្សា, និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឱ្យទៅសិក្សានៅចក្រភពអង់គ្លេស ជាដើម ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត និងបាន សង្កត់ធ្ងន់ថា បើទោះជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺ Covid19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិត, រំខានដល់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ រាជរដ្ឋាភិបាលកម្ពុជា ខិតខំនិងត្រៀម លក្ខណៈក្នុងការផ្តល់កិច្ចសហការគំាទ្រ បន្តពង្រីកកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏សូមជូនពរលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ព្រមទាំងសហការីទាំងអស់ សូមទទួលបាននូវជោគ ជ័យគ្រប់ភារកិច្ច ៕ ដោយ វណ្ណ លុក និង វ៉េង លីមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner