ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ផ្តល់កិច្ចជំនួបជាមួយនាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ដើម្បីសំដែងការគួរសមនិងផ្តល់នូវថវិកាសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់កន្លងមក

នៅថ្ងៃទី១៨ ខែវិច្ឆិកា២០២០នេះ លោក ហាជិមិ សៃតុ  នាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន បានដឹកនាំគណៈប្រតិភូរបស់ខ្លួនមួយក្រុម នាំយកនូវថវិកាមួយចំនួន ដើម្បីផ្ដល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការងារមនុស្សធម៌ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នាចុងរដូវវស្សាឆ្នាំ២០២០កន្លងមកនេះ ។

       ក្នុងកិច្ចជំនួប ជាមួយ លោកនាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ដឹកនាំដោយលោក ហាជីមិ សៃតូ រួមប្រតិភូ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែង ជម្រាបជូនដល់ភ្ញៀវថា៖បើទោះបីស្ថានភាពទឹកជំនន់ក្នុងខេត្តបាត់ដំបង វា បានធូរស្រាលហើយក្តីក៏ដោយក៏ការងារមនុស្សធម៌នៅតែបន្តជួយសង្គ្រោះតាមរយៈនៃការផ្ដលស្បៀង ជូនដល់ពលរដ្ឋដែលងាយរងគ្រោះជាបន្តទៀត ពីសំណាក់អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងយ៉ាងចិត្តទុកដាក់និងនៅតែបន្តតាមដានជាប្រចាំ។ ហើយតាមរយៈសកម្មភាពបន្តបែបនេះក៏ត្រូវបានចូលរួមជាបន្តបន្ទាប់ផងដែរ ពីសំណាក់សប្បុរសជននានាអង្គការសង្គមស៊ីវិលនិងថ្នាក់ដឹកនាំក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានក្នុងខេត្ត ដែលរួមមានដូចជា៖ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាជាដើម…។ល។

         ដោយឡែក លោកនាយកសហព័ន្ធបានថ្លែងថា ក្នុងនាមសហព័ន្ធសន្តិភាពឥណ្ធូចិន សូមចូលរួមនិងសម្ដែងនូវការសោកស្ដាយ ចំពោះទឹកជំនន់ដ៏ធំធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងកន្លងមក ដែលបានបង្កការប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបង្កដល់ការលិចលង់ផលដំណាំ ផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តផងដែរ ។

       លោកនាយកក៏បានបន្តទៀតថាតាមរយៈថវិកាបន្តិចបន្តួចនេះគឺដើម្បីចូលរួមជួយសម្រាលការដោះស្រាយនូវបញ្ហាមួយចំនួន របស់ រដ្ឋបាលខេត្តបាត់ដំបង ក្នុងការជួយស្ដារនូវជីវភាពឲ្យប្រសើរឡើងវិញដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ។

      លោកក៏បានបញ្ជាក់ផងដែរថា៖ ក្រៅពីចូលរួមជួយពលរដ្ឋ ដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។សហព័ន្ធ ក៏នៅមានគម្រោងមួយចំនួនទៀត ក្នុងការជួយដល់ខេត្ត លើវិស័យអប់រំយុវជន និងកីឡាខេត្ត ជាដើម ។

      តាមរយៈជំនួបនិងទទួលនូវអំណោយពីលោកនាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងជម្រាបភ្ញៀវថា៖ សម្រាប់ការងារជួយសង្គ្រោះពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់  ត្រូវបានចូលរួមយ៉ាងផុសផុល តាមរយៈសកម្មភាពមនុស្សធម៌ទាំងនេះពីគ្រប់ទិសទី ថែមទាំងបានបង្ហាញនូវការសាមគ្គីគ្នារវាង ខ្មែរនិងខ្មែរ ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ហើយរហូតមកដល់ពេលនេះ បើ ទោះបីស្ថានភាពទឹកជំនន់បានធូរស្បើយ ក៏ដោយ ក៏សកម្មភាពផ្ដល់អំណោយ និងនៅតែបន្តធ្វើ តាមតំបន់រងគ្រោះដោយទឹកជំនន់ ក្នុងការជួយដល់ពលរដ្ឋ ជួបការលំបាកខ្លាំង និង កំពុងងាយប្រឈមដើម្បីបន្តជួយដល់គោលដៅយ៉ាងសស្រាក់សស្រាំជាបន្តទៀត។

      ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ន្ថែមទៀតថា៖រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវគោលការ ចំពោះការផ្ដល់ស្បៀង ដល់អ្នករងគ្រោះដោយទឹកជំនន់នេះដែលកំពុងប្រឈម និង ងាយរងគ្រោះ ដោយមិនមានផ្ដល់ជូនជាលក្ខណៈទ្រងទ្រាយធំទៀតនោះទេ គឺ៖បានណែនាំ ឲ្យអាជ្ញាធរមូលដ្ឋានផ្ទាល់ត្រូវចុះត្រួតពិនិត្យពីស្ថានភាពពលរដ្ឋ ដែលលំបាកជាងគេ និងបានប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីផ្ដល់ស្បៀងជួយដល់ពួកគាត់ នៅតាមខ្នងផ្ទះ ផ្ទាល់តែម្តង ។

       គួររំលឹកឲ្យដឹងផងដែរថា៖ កន្លងមកនេះ ខេត្តបាត់ដំបង បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ថែមទាណងបានបង្កនូវការប៉ះពាល់ ដល់ក្រុង-ស្រុកទាំង១៤ស្មើ៩៩ឃុំ-សង្កាត់ និងប៉ះពាល់ពលរដ្ឋសរុបចំនួន៧២.៨២០គ្រួសារ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តក៏បានផ្ដល់ស្បៀងដល់ពលរដ្ឋទាំងនោះ សរុបជាង ១០ម៉ឺនគ្រួសារ ជាបន្តបន្ទាប់រួចហើយផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner