បុរសម្នាក់ខឹងសុំលុយម្តាយបង្កើតមិនបានរត់មកចង់កសម្លាប់ខ្លួននៅលើដើមឈើ
ភ្នំពេញ៖ បុរសម្នាក់ដោយសារតែសុំលុយម្តាយចំនួន២០០០រៀល មិនបានខឹងរត់មកចង់កសម្លាប់ខ្លួននៅលើដើមឈើ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឲ្យដឹងថា សពមានឈ្មោះ ញាន ដា ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅក្នុងភូមិកើតហេតុ។
តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ បានសុំលុយគាត់ជាម្តាយចំនួន២០០០រៀល តែគាត់មិនព្រមឲ្យទើបជនរងគ្រោះរត់មកចង់កនៅលើដើមឈើទាំងកណ្តាលយប់ ដោយមិនមាននរណាម្នាក់ដឹងនោះទេ។ ម្តាយជនរងគ្រោះ បញ្ជាក់ទៀតថា នៅយប់កើតហេតុ ជនរងគ្រោះក្រោយពីសុំលុយមិនបានរួចក៏បាត់ខ្លួន គាត់ក៏ប្រឹងដើរស្វែងរកដែរ តែរកមិនឃើញសោះ តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដោយមានអ្នកមកស្ទួចត្រីនៅកន្លែងកើតហេតុ ក៏ប្រទះឃើញសពជនរងគ្រោះក៏បានរាយការណ៍ទៅសម្ថកិច្ចមូលដ្ឋានរហូតបានដឹងរឿងដល់គាត់ជាម្តាយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួមទាំងផ្នែកជំនាញកោសល្យវិច័យចុះមក ក្រោយពីធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថាសពពិតជាបានធ្វើអត្តឃាតចង់កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សពឲ្យយទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕