កម្ចីទិញផ្ទះក្នុងរយៈពេល9ខែ កើនដល់ 4.6 ពាន់លានដុល្លារអាមេរិក

ភ្នំពេញ ៖ តម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅដោយសមរម្យនៅកម្ពុជា នៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្រោមគោលនយោបាយនៃការផ្តល់ឥណទានពីបណ្តាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា គិតត្រឹមរយៈពេល9ខែ ឆ្នាំ2020 កម្ចីអចលនទ្រព្យនៅទូទាំងប្រទេសបានកើនឡើងរហូដល់ 4.6 លានដុល្លារអាមេរិក។

តាមរយៈរបាយការណ៍ប្រចាំត្រីមាសរបស់ការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia (CBC) ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនឡើងដល់ 4.6 ពាន់លានដុល្លារនៅចុងខែកញ្ញាឆ្នាំ 2020 ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី 3,9 ពាន់លានដុល្លារនៅដំណាច់ឆ្នាំ 2019 ។

របាយការណ៍ដដែលបានបង្ហាញថា ប្រាក់កម្ចីមានទ្រព្យបញ្ចាំគឺជាផ្នែកមួយនៃប្រាក់កម្ចីទូទៅដែលបានកត់ត្រាដោយ CBC ហើយគិតត្រឹមរយៈពេល9 ខែឆ្នាំ 2020 ប្រាក់កម្ចីដែលផ្តល់ដោយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុឈានដល់ 9,11 ពាន់លានដុល្លារ។ប្រាក់កម្ចីទូទៅរួមមានប្រាក់កម្ចីផ្ទាល់ខ្លួនកាតឥណទាន និងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។

សំណង់លំនៅដ្ឋានជាច្រើនកំពុងសាងសង់ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជន

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ការវិវត្តរបស់វិស័យហិរញ្ញវត្ថុនេះ រាប់ទាំងចំនួនអតិថិជន ចំនួនឥណទានសរុប គឺចំនួនអតិថិជនដាក់ប្រាក់សន្សំ និងប្រាក់បញ្ញើ មិនមានសញ្ញាប្រែប្រួលខ្លាំងក្លានោះទេ។ ចំពោះការស្នើសុំឥណទានថ្មីៗ គិតមកដល់ត្រឹមរយៈពេល9ខែ ឆ្នាំ 2020 គឺមានកំណើនទាបជាងឆ្នាំ2019 ប្រមាណ10% ខណៈដែលអតិថិជនភាគច្រើនបានបង្ហាញពីមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការពង្រីកអាជីវកម្មបន្ថែម ក្នុងដំណាក់កាលជំងឺកូវីដ-19។

លោក ផល វ៉ាន់ឌី បន្តថា មានការថយចុះខ្លាំងចាប់ពីខែកញ្ញា ដល់ដើមខែវិច្ឆិកា នៃការរៀបចំឥណទានឡើងវិញដោយចំនួនអតិថិជនមានការថយចុះជាលំដាប់ ពោលគឺក្នុង 1សប្តាហ៍យ៉ាងហោចណាស់មានប្រមាណតែ 1ពាន់នាក់ ឬទាបជាងនេះបានដាក់ពាក្យស្នើសុំឱ្យមានការរៀបចំឥណទានឡើងវិញ។ លោក បញ្ជាក់ថា ការថមថយនេះ ជាសញ្ញាវិជ្ជមានមួយបង្ហាញថា អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-19 មានការថយថយ និងក៏ជាសញ្ញាល្អសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលផងដែរ ។

គួររំលឹកផងដែរថា នៅក្នុងរបាយការណ៍និន្នាការសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានបង្ហាញថា មានគម្រោងលំនៅដ្ឋានចំនួន 2,819 គម្រោងស្មើនឹង 84% នៃគម្រោងសាងសង់សរុបចំនួន 3,530ក្នុងរយៈពេល 8ខែនៃឆ្នាំនេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner