ទីប្រឹក្សាស្ថានទូតចិនជួបញ៉ឹកប៊ុនឆៃនៅគេហស្ថាន
ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកវូ ឈួនប៊ីង ត្រូវគេរាយការណ៍ថា បានជួបពិភាក្សា ការ ងារជាមួយប្រធានគណបក្សខ្មែររួបរួមជាតិ លោកញឹក ប៊ុនឆៃ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី ចង់ដឹង ជុំវិញភាពវិវត្តន៍នៃដំណើរនយោបាយរបស់គណបក្ស។ ជំនួបនោះ បានធ្វើនៅគេហដ្ឋានរបស់លោកញឹក ប៊ុនឆៃ ដែលស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកញឹក ប៊ុនឆៃ ត្រូវបានគេដកស្រង់សម្តីដែលថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបថាទីប្រឹក្សាស្ថានទូតចិន ចង់ដឹងជុំវិញដំណើរការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិនិងគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោយសេចក្តីរាយ ការណ៍អំពីគណបក្សខ្មែររួបរួមជាតិ បានចងសម្ព័ន្ធភាពជាមួយនឹងគណបក្សគណបក្សសំបុក ឃ្មុំ សង្គមប្រជា ធិបតេយ្យ និងគណបក្សខ្មែរតែមួយ។
យោងតាមលោកញឹកប៊ុនឆៃ គឺនៅចុងខែវិច្ឆិកានេះ ឬដើមខែធ្នូ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុន ស៊ិនប៉ិច នឹងចាប់ផ្តើមដំណើរការអំពីការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរ សម្រាប់ការចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បី ទទួលសម្លេងនិងការគាំទ្រពីប្រជាពលរដ្ឋ។ ប៉ុន្តែនៅមុនដំណើរការរួបរួមគ្នានោះ គណបក្សខ្មែររួបរួមជាតិរបស់ លោកញ៉ឹកប៊ុនឆៃ នឹងត្រូវចងសម្បាច់គ្នាជាមួយគណបក្ស២ដទៃទៀតដើម្បីបង្កើតជា សម្ព័ន្ធភាពអ្នកប្រជាធិប តេយ្យខ្មែរ ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមលោកញ៉ឹក ប៊ុនឆៃ ការសម្ព័ន្ធភាពអ្នកប្រជា ធិបតេយ្យនាពេលខាងមុខនេះ នឹងមិនប៉ះពាល់ដល់ការរួបរួមគ្នារវាងគណបក្ស ខ្មែររួបរួមជាតិនិងគណបក្សហ្វ៊ុនស៊ិនប៉ិចឡើយ។