កូរ៉េ-កម្ពុជា បើកកិច្ចចរចា FTA លើកទី 4 ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានថ្លែងឱ្យដឹងថាប្រទេសរបស់ខ្លួននឹងធ្វើកិច្ចចរចាពាណិជ្ជកម្មសេរីលើកទី4ជាមួយប្រទេសកម្ពុជានៅសប្តាហ៍នេះដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដោយកិច្ចប្រជុំតាមអនឡាញនឹងផ្តោតលើច្បាប់ទូទៅ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ការលុបបំបាត់របាំងពន្ធគយ ការនាំចូលទំនិញទៅកាន់ទីផ្សារ និងបញ្ហាផ្សេងទៀត។

រដ្ឋាភិបាលប្រទេសកូរ៉េ-កម្ពុជាបានធ្វើកិច្ចចរចាចំនួន3​ លើករួចមកហើយស្តីពីកិច្ចព្រមព្រៀងលើករួចមកហើយស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) នៅក្នុងឆ្នាំនេះ ដោយមានគោលដៅបញ្ចប់នៅចុងឆ្នាំ2020 ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជានឹងផ្តល់ឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងនូវការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលកំពុងរីកចម្រើន។

ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (FTA) ពេល FTA ចូលជាធរមានវានឹងជួយធ្វើឱ្យការនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារកូរ៉េមានចំនួនកើនឡើងលំហូរពាណិជ្ជកម្មប្រសើរជាងមុននិងលក្ខខណ្ឌទីផ្សារសម្រាប់ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង2ហើយក៏ជាឱកាសសម្រាប់វិនិយោគិនប្រទេសទាំង 2ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។

ឯកឧត្តម ស៊ាង ថៃ អ្ននាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ៖ «ខ្ញុំជឿថា បន្ទាប់ពីមាន FTA ការនាំចេញទំនិញរបស់កម្ពុជានឹងកើនឡើង ខណៈកម្ពុជាមានផលិតផលសក្តានុពលនាំចេញជាច្រើនដូចជា ម្រេច ដំណាប់ស្វាយ ស្វាយស្រស់ និងស្វាយចន្ទី។ យើងក៏មានផលិតផលកសិកម្មមួយចំនួនបានចូលទីផ្សារកូរ៉េរួចទៅហើយខណៈបច្ចុប្បន្នក្រុមការងារស្ថានទូតកំពុងខិតខំក្នុងការទាក់ទាញវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជា»។

ឯកឧត្តមថ្លែងថា ៖ «យើងកំពុងខំអូសទាញអ្នកវិនិយោគកូរ៉េឱ្យមកសហការជាមួយវិនិយោគិនក្នុងស្រុករបស់យើង។ ខ្ញុំយល់ឃើញថា កិច្ចសហការគ្នារវាងអ្នកវិនិយោគកូរ៉េ និងកម្ពុជាពិតជាមានសារៈសំខាន់លើគ្រប់វិស័យទាំងអស់»។

កូរ៉េខាងត្បូងមាន FTA ជាមួយសមាគមអាស៊ានដែលមានសមាជិក10 ប្រទេស ប៉ុន្តែកូរ៉េ ខិតខំប្រឹងប្រែង ដើម្បីពង្រីកការនាំចេញរបស់ខ្លួនដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីថ្ងៃ15-11-20 ជាមួយសមាជិកអាស៊ាន10ប្រទេសចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ផងដែរ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា កសិផលកម្ពុជាទាំង18ប្រភេទ ដែល នាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែក ផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។

ទំហំពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង 661.15លានដុល្លារ ក្នុងរយៈពេល 9 ខែនៃឆ្នាំ2020 ធ្លាក់ចុះ 15% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ក្នុងអំឡុងពេលនេះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារកូរ៉េខាងត្បូងក្នុងតម្លៃ 246.20លានដុល្លារធ្លាក់ចុះ 4.9% ខណៈកម្ពុជានាំចូលមកវិញមានតម្លៃជាង 414.95លានដុល្លារ ធ្លាក់ចុះ 20%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner