មេបញ្ជាការកងពលតូចលេខ៧០ ចាត់ទុកការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ

អត្ថបទដោយ៖
ធី ដា

កំពត៖ ប្រសាសន៍របស់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក បានអញ្ជើញចុះទៅសំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិតរបស់យោធិនដែលកំពុងតែហ្វឹកហ្វឺនបណ្តុះបណ្តាលបើកបរជំនាញរថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ខេត្តកំពត។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ លោកមេបញ្ជាការបានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុងការបញ្ជាបាញ់គ្រាប់អោយបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ: គ្រឿងបំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាពិសេសនាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ និងយកចិត្តទុកដល់កងកម្លាំង ក៏ដូចសិក្ខាកាម និងយោធាចារ្យទាំងអស់ ដែលបាននឹងកំពុងហ្វឹកហាត់រៀនសូត្រ។ លោកមេបញ្ជាការកងពល ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ មានដូចជា គ្រឿងឧបភោគបរិភោគ ព្រមទាំងភេសជ្ជៈ និងថវិកាជូនសិក្ខាកាមហ្វឹកហាត់ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner