ប្រទេសអូស្ត្រាលីសន្យាជួយគាំទ្រវិស័យមីនកម្ពុជារហូតដល់ឆ្នាំ២០២៥

ការប្រកាសសន្យានោះ ធ្វើឡើងនៅព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ ក្នុងខណៈដែល លោកព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) ដែលមានប្រទេសអូស្ត្រាលី និង អង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គការ Halo Trust ក្រោមគម្រោង CFR-IV និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច នៅខេត្តប៉ៃលិន។

ក្នុងដំណើរទស្សនកិច្ចនោះ លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារគម្រោង CFR-lV សម្រាប់ដំណើការគម្រោងកន្លងមក និងអរគុណប្រតិបត្តិករដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ។ លោកបានបន្តថា អូស្ត្រាលីបានផ្តល់ថវិកាជាង១០០លានដុល្លារអូស្ត្រាលី លើវិស័យបោសសម្អាតមីននៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៨មក។

ជាមួយគ្នានោះ លោក Luke Arnold ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលីន្យាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យមីនរហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន។ យោងតាមរបាយករណ៍របស់អាជ្ញាធរមីន កម្ពុជាត្រូវការថវិកាប្រមាណជា ៣០០ លានដុល្លារបន្ថែមទៀតសម្រាប់ការបោសសំអាតមីនដើម្បី ឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ២០២៥៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner