សុភមង្គល ក្លាយជាមុខវិជ្ជាដែលស្ថាប័នអប់រំធំៗលើពិភពលោកកំពុងចាប់អារម្មណ៍

អត្ថបទដោយ៖
ហេង សុវណ្ណ

ក្នុងរបត់អប់រំកាលពីប៉ុន្មានឆ្នាំមុន ប្រទេសនានាបានជំរុញឱ្យមានការបង្រៀនកុមារពីមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រោះវាជាមុខវិជ្ជាដែលងាយស្វែងរកការងារធ្វើ និងកំពុងមានសក្តានុពលជាដើម។ មួយរយៈពេលចុងក្រោយនេះ មុខវិជ្ជាថ្មីមួយទៀតដែលត្រូវបានគេយកចិត្តទុកដាក់បន្ថែមពីលើជំនាញ STEM គឺសិល្បៈនៃការរស់នៅ (Art of Living) ដែលស្ថាប័នអប់រំជាច្រើនកំពុងព្យាយាមបញ្ចូលក្នុងកម្មវិធីសិក្សាគោលរបស់ខ្លួន។

យោងតាមការបញ្ជាក់របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) បានបង្ហាញថា ស្ថាប័នអប់រំកុមារជាច្រើនលើពិភពលោកបានចាប់ផ្តើមបញ្ចូលវគ្គមួយចំនួនដែលផ្តោតសំខាន់លើការអប់រំពីសិល្បៈរស់នៅឱ្យមានសេចក្តីខុស។ ក្រុមអ្នកអប់រំទាំងអស់នោះគិតថា ការសិក្សា STEM គឺជារឿងល្អដែលអាចបង្កើតសម្មិទ្ធិផលថ្មីៗជាច្រើនដើម្បីដោះស្រាយបញ្ហារបស់មនុស្ស តែវាមិនមែនជាគោលដៅសំខាន់បំផុតក្នុងការរស់នៅនោះទេ។ អ្វីដែលមនុស្សត្រូវការពិតប្រាកដក្នុងជីវិតរស់នៅ គឺការរស់នៅឱ្យមានសេចក្តីសុខ និងសុភមង្គលក្នុងជីវិតប្រកបដោយសន្តិភាព។

ហេតុនេះហើយទើបសាលរៀនជាច្រើនដោយក្នុងនោះមានទាំងនៅប្រទេសឥណ្ឌាផង បានចាប់ផ្តើមបន្ថែមវគ្គអប់រំផ្លូវចិត្ត និងការសមាធិ ដល់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ដើម្បីឱ្យពួកគេមានសិល្បៈក្នុងការរស់នៅឱ្យបានល្អពេញមួយជីវិត។ បន្ថែមពីលើនេះ សម្រាប់សាកលវិទ្យាល័យ Yale University ដែលជាគ្រឹះស្ថានសិក្សាល្បីល្បាញលើពិភពលោកមួយ មានទីតាំងនៅសហរដ្ឋអាមេរិក ក៏បានបង្ហាញថាវគ្គដែលមាននិស្សិតចាប់អារម្មណ៍ និងចុះឈ្មោះច្រើនជាងគេ គឺវគ្គស្តីពីសុភមង្គលក្នុងជីវិត ដោយវគ្គនេះបច្ចុប្បន្នកំពុងសិក្សាច្រើនតាមបណ្តាញអនឡាញ។

តាមរយៈចរន្តទាំងអស់នេះ បណ្តាស្ថាប័នអប់រំជាច្រើនផ្សេងទៀតលើពិភពលោក ក៏បានចាប់ផ្តើមបញ្ចូលវគ្គអប់រំផ្លូវចិត្ត និងចំណេះដឹងក្នុងការគ្រប់គ្រងជីវិតឱ្យបានល្អនេះដល់សិស្សនៅតាមសាលារបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យមនុស្សចេះរស់នៅជាមួយគ្នាឱ្យបានល្អ និងចេះប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីបង្កើតសេចក្តីសុខដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner