ស្នែងសត្វ អាចកែច្នៃជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាត
ស្នែងសត្វគោ សត្វក្របី ដែលគេបោះចោល ឬយកពីកន្លែងសត្តឃាត ត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ យ៉ាងស្រស់ស្អាត។ ស្នែងសត្វទាំងនោះ ត្រូវបានគេយកច្នៃជា ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន ក្រាស់សិតសក់ រូបសត្វ វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀត។
លោកសុខ ចាន់ បានអោយដឹងថា ជាជាងច្នៃស្នែង បានអោយដឹងថាលោកបានចេះកែច្នៃស្នែង ធ្វើជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ តាំងពីឆ្នាំ1996មកម្លេះ ដោយលោកបានរៀនពីអង្គការនៅខេត្តព្រៃវែង។ លោកបានបង្រៀនជំនាញនេះ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលចង់ចេះចង់ដឹងរបៀបធ្វើស្នែងនេះ។
លោកបានបន្តថា ការច្នៃស្នែង ធ្វើគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះនេះ ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីអោយចេញជារូបផ្សេងៗ ត្រូវមានការអត់ធ្មត់ ព្រោះការងារនេះ វាហុយ និងធុំក្លិនស្អុយ។
លោកស្រីឃួន ចិន្តា ម្ចាស់ហាងសុមនា សិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ចេញពីស្នែងសត្វ បានអោយដឹងថា លោកស្រីមានគំនិតយកស្នែងសត្វគោ សត្វក្របី មកកែច្នៃគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ គឺដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ, មានគំនិតកែច្នៃរបស់ក្នុងស្រុកដែលមានស្រាប់, ជួយសំអាតបរិស្ថានដោយមិនបោះចោលស្នែងស្អុយពាសវាលពាសកាលជាដើម៕