រដ្ឋមន្ដ្រីក្រសួងអប់រំ ប្រាប់អំពីដំណើរការ បើក សាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា តទៅ ជាមួយនឹងវិធានការពារដើម្បី ទប់ស្កាត់ ជំងឺកូវីដ-១៩
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ ស្ដីពីការបើកដំណើរការសាលារៀន, បើកស្តារអូឡាំពិកឡើងវិញ និងស្ថានភាពផ្សេងទៀតរបស់វិស័យអប់រំ ក្រោយកម្ពុជាបិទបញ្ចប់បានដោយជោគជ័យ នូវព្រឹត្តិការណ៍៣វិច្ឆិកា។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នឹងត្រូវបើកដំណើរការឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ប៉ុន្ដែត្រូវបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ របស់ក្រសួងសុខាភិបាល ដើម្បីបន្ដទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ក្នុងសន្និសីទនេះ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានឲ្យដឹងដែរថា ក្រសួងនៅតែរក្សា សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដដែល ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អាណាព្យាបាល ពិសេសសិស្សានុសិស្ស សូមកុំមានការរើសអើងកម្រិតគុណភាពសញ្ញាបត្រ ដោយមិនត្រូវប្រៀបធៀបគ្នារវាងសញ្ញាបត្រ នៅពេលមិនទាន់មានកូវីដ-១៩ និងសញ្ញាបត្រ ពេលកំពុងមានជំងឺកូវីដ-១៩នោះទេ ពោលកាលៈទេសៈទាំងពីរនេះ គឺគុណភាពសញ្ញាបត្រមានតម្លៃស្មើគ្នា។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ បានសង្កត់ធ្ងន់ថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ គឺក្រសួងនៅរក្សាស្ថានភាព បន្ដរឹងបន្ដឹង លើការប្រឡងដើម្បីពង្រឹងគុណភាពអប់រំដដែល។
គួរជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ចូលសហគមន៍ ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ក្រសួងអប់រំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ។ ជាមួយគ្នានេះ ស្តាតអូឡាំពិក ក៏ត្រូវប្រកាសបិទជាបណ្តោះអាសន្ន ផងដែរ។ តែនៅពេលនេះ ក្រសួងប្រកាសបើកឡើងវិញដូចធម្មតា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈសារ សំឡេងពិសេសមួយ បានប្រកាសអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍, បើកសាលារៀន, បើកពហុ កីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩៕





