ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីនិងអាជ្ញាធរ ចុះចែកម៉ាសជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់គោករការ
ភ្នំពេញ ៖បើទោះបីព្រឹទ្ធកាល៣វិច្ឆិការបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែ កូវីដ-១៩មិនបានភ្លេចយើងនោះទេ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ដឹកនាំមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញនិងអជ្ញាធរមូលដ្ឋាន បានចុះចែកម៉ាសរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនំកូនក្មេងជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង១ដល់អណ្ដូង៥និងភូមិកប់ស្រូវតូចសង្កាត់គោករការ ខណ្ឌព្រែកព្នៅដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ក្នុងដំណើរតាមខ្នងផ្ទះប្រជាពលរដ្ឋពីមួយទៅមួយនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ម៉ាស់ចែកនេះដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាស់ក្រណាត់ដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ជម្ងឺកូវីដ ១៩ នេះកុំអោយមានឆ្លងចូលសហគមន៍ រស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃ និងសាប៊ូ ជែល អាកុលនិងពាក់ម៉ាសជាប្រចាំ៕ សម្បត្តិ