រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះទស្សនកិច្ចត្រួតពិនិត្យពីវឌ្ឍនភាពក្នុងការដាំដុះនូវគ្រាប់ស្រូវពូជ ដែលផ្តល់ដោយរាជរដ្ឋាភិបាលដល់ប្រជាកសិករក្នុងខេត្តបាត់ដំបង ដែលរងការខូចខាតដោយទឹកជំនន់
គ្រាប់”ពូជស្រូវ” ចំនួន ១.០៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់តាមរយៈ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង កន្លងទៅ ដើម្បីចែកជូនបងប្អូនប្រជាកសិករចំនួន ១ម៉ឺន៥០០គ្រួសារ។ និងក្រោយពីទទួលបានគ្រាប់ពូជស្រូវទាំងនេះ បងប្អូនប្រជសកសិករទាំងនោះបានស្រូតរូតរះធ្វើការសាបព្រោះនិងដាំដុះគ្រាប់ពូជស្រូវទាំនោះ ដោយគិតមកដល់ត្រឹមថ្ងៃទី២០ ខែវិច្ឆិកា បងប្អូនកសិករសម្រេចធ្វើបាន ប្រមាណជា ៥ពាន់៨៣១ហ.ត ហើយ។ឯខ្លះទៀតក៏កំពុងតែប្រញាប់ប្រញាល់ ញាប់ដៃញាប់ជើងទាំងយប់ទាំងថ្ងៃ ក្នុងការភ្ជួររាស់និងព្រោះគ្រាប់ស្រូវពូជទាំងនោះឲ្យបានទាន់ពេលវេលា ក្នុងការដាំដុះផងដែរ។
ការលើកឡើងខាងលើនេះ ក្នុងខណៈដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចុះត្រួតពិនិត្យមើលពីដំណើរការក្នុងការស្តារឡើងវិញរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ដែលជាទិសដៅចុងក្រោយ ក្នុងដំណើរបេសកកម្មថ្ងៃទី១របស់ខ្លួន កាលពីរសៀលថ្ងៃទី២១ខែវិច្ឆិកាចុងសប្តាហ៍នេះ។ អមដំណើរក្នុងឱកាសនេះ ក៏មានវត្តមានឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងនិងមន្ត្រីសំខាន់ៗក្នុងខេត្តបានចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការស្តារឡើងវិញក្នុងការដាំដុះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ រស់នៅក្នុងឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងដំណើរចុះត្រួតពិនិត្យមើលនៅតំបន់នេះឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ទាំងអាជ្ញាធរខេត្តរួមជាមួយនិងមន្ត្រីជំនាញសំខាន់ៗរបស់ក្រសួង និងមន្ទីរកសិកម្មខេត្ត បានធ្វើការកត់សម្គាល់ថា៖ បងប្អូនប្រជាកសិករកំពុងតែសស្រាក់សស្រាំ ភ្ជួររាស់ សាបព្រោះពូជស្រូវ ខ្លះទៀតនាំគ្នាបូមទឹកបញ្ចូលស្រែ ដើម្បីស្តារឡើងវិញតាមរយៈគ្រាប់ពូជស្រូវដែលផ្តល់ដោយរាជរដ្ឋាភិបាលកន្លងមកនេះ ឲ្យបានទាន់ពេលវេលា ក្នុងការស្តារជីវភាពរបស់ពួកគេឡើងវិញក្រោយពីទទួលរងនូវការខូចខាតដោយគ្រោះមហន្តរាយពីជំនន់ទឹកភ្លៀង កន្លងមកនោះ។
ក្នុងការចុះពិនិត្យមើលនៅទីនោះ លោក ឈឹមវជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឲ្យដឹងថាផ្ទៃដីដំណាំស្រូវដែលប៉ះពាល់ មានចំនួនសរុប ១២៧ពាន់១៨៩ហ.ត ក្នុងនោះខូចខាតទាំងស្រុង ចំនួន ៤២ពាន់ ៥១៧ហ.ត ក្នុងស្រុកចំនួន១០និងឃុំ-សង្កាត់ចំនួន ៦៤និងប្រជាកសិករចំនួន ២៧ពាន់ ៨៤៩គ្រួសារ។
លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងបន្ថែមថា៖ ពូជស្រូវចំនួន១.០៥០តោន ដែកជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងយកមកចែកជូនបងប្អូនប្រជាកសិករកន្លងមកនេះក្នុងខេត្ត មានចំនួន១០.៥០០គ្រួសារ។ ក្រោយទទួលបាននូវគ្រាប់ពូជស្រូវនេះ បងប្អូនបានរូតរះនាំយកពូជស្រូវ ទៅសាបព្រោះដាំដុះ ដោយគិតមកដល់ត្រឹមថ្ងៃទី២០ខែវិច្ឆិកានេះបងប្អូនប្រជាកសិករទាំងនោះសម្រេចធ្វើបាន ៥ពាន់ ៨៣១ ហ.តហើយ។ ខ្លះទៀតក៏កំពុងតែបង្កើននូវការដាំដុះរបស់ខ្លួនញាប់ដៃញាប់ជើងទាំងយប់-ថ្ងៃដោយខិតខំភ្ជួររាស់សាបព្រោះគ្រាប់ពូជឲ្យបានទាន់ពេលវេលា។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ក៏បានបញ្ជាក់ទៀតថា៖ ដោយសារទឹកស្រកចុះយឺត បានធ្វើឲ្យការភ្ជួររាស់ សាបព្រោះពូជស្រូវរបស់បងប្អូន នៅមានការយឺតយ៉ាវ។បើទោះបីយ៉ាងណា ក៏លោកប្រធានមន្ទីររូបនេះបានរំពឹងថានៅបំណាច់ខែវិច្ឆិកានេះតួលេខនៃផ្ទៃដីក្នុងការស្តារដំណាំស្រូវឡើងវិញនៅក្នុងខេត្តបាត់ដំបងនឹងមានការកើនឡើងបន្ថែមទៀតតាមការផែនការគ្រោងទុក។
ដោយឡែកនៅថ្ងៃដដែលនេះដែរ ក្នុងខណ:អញ្ជើញចុះពិនិត្យតាមដាននិងវាយតម្លៃពីវឌ្ឍនភាពនៃការស្តារដំណាំស្រូវឡើងវិញនៅស្រុកឯកភ្នំ។ក្នុងនោះបងប្អូនប្រជាកសិករបានជួបនូវបញ្ហា “ដំណុះគ្រាប់ពូជ”មានកម្រិតទាប។ហើយខ្លះទៀតមិនដុះ ធ្វើឲ្យកសិករបង្ខំចិត្តភ្ជួររាស់ចោលតែម្តង។ជាមួយ នេះបងប្អូនកសិករ ទទួលស្គាល់ថា គ្រាប់ពូជដែលពួកគាត់បានទិញពីប្រភពមិនច្បាស់លាស់ និងពូជមួយចំនួនទៀតដោយសារតែគាត់រក្សាទុកយូពេក។
ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំនិងជម្រុញដល់ប្រជាកសិករនៅទីនោះទី១មុនទិញពូជស្រូវគួរពិនិត្យឲ្យបានច្បាស់លាស់និងមានប្រភពពីក្រុមហ៊ុន ឬពីសហគមន៍កសិកម្មដែលផលិតពូជ និងទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្មត្រឹមត្រូវ។ទី២- ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចុះពិនិត្យ និង វាយតម្លៃលើគុណភាពគ្រាប់ពូជនៅតាមក្រុមហ៊ុន សហគមន៍កសិកម្ម ដើម្បីលើកកម្ពស់ពីគុណភាព”ពូជស្រូវ” និងដើម្បីផ្តល់នូវភាពយុត្តិធម៌ ជូនដល់អ្នកប្រើប្រាស់ទាំងនោះ។ សូមបញ្ជាក់ផងដែរថា៖ ក្រៅពីតំបន់ដែលមិនទទួលរងផងប៉ះពាល់ ដំណាំស្រូវលូតលាស់បានល្អ ខ្លះធ្វើខ្លួន មូលដើម ចេញផ្កា ឱនដាក់គ្រាប់ ហើយតំបន់ខ្លះទៀតបងប្អូនយើង ក៏កំពុងតែប្រមូលផលជាបណ្តើរៗ ហើយផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
