រថយន្តព្រូសបើកលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់បុកគូទរថយន្តឡង់គ្រីស័រចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តព្រូសបើកបរក្នុងល្បឿនលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់បុកគូទរថយន្តឡង់គ្រីស័រចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ព្រូសមួយគ្រឿង ពណ៌ផ្សែងបារី ពាក់ស្លាក់លេខ ភ្នំពេញ 2BI-2219 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏ជាន់ហ្វ្រាំមិនជាប់ជ្រុលទៅបុកពីក្រោយគូទរថយន្តម៉ាក់ឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ស្លែ ពាក់ស្លាក់លេខ ប.មានជ័យ 2A-0529 ដែលធ្វើដំណើរស្រប់ទិសគ្នាចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក់ឡង់គ្រីស័ររងការខូចខាតកំពឹតកាងក្រោយបន្តិចបន្តួច ចំណែកឯរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខត្រង់ចង្កៀងខាងស្តាំយ៉ាងដំណំ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដើម្បីមកសម្រួលចរាចរណ៍កុំឱ្យមានការកក់ស្ទះ រួចឱ្យភាគីទាំងសងខាងសម្រប់សម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តព្រូសជាអ្នកបង្កព្រមសង់សំណង់ទៅខាងភាគីម្ចាស់រថយន្តឡង់គ្រីស័ររងគ្រោះចំនួន១០ម៉ឺនរៀល ដើម្បីរឿងនៅកន្លែងតែម្តង៕