បញ្ហាប្រែប្រួលអាកាសធាតុ៖ អភិបាលរងខេត្តបាត់ដំបង បានជម្រុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវមានការយកចិត្តដាក់ឲ្យកាន់តែខ្លាំងបន្ថែមទៀត ទៅលើបញ្ហាសុខភាពរបស់មនុស្សចាស់
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ចំណេះដឹង ទាក់ទង នឹងចំពោះតំបន់ដែលពុំទាន់មាននូវបទពិសោធន៍ ការត្រៀមបង្ការសម្រាប់គ្រោះមហន្តរាយ និង ការបញ្ចូលមនុស្សចាស់ទៅក្នុងការត្រៀមបង្ការ គួរតែត្រូវទទួលបាននូវការពង្រឹងសមត្ថភាព ក្នុងកិច្ចការស្វែងយល់ អំពីស្ថានភាព បរិបទនិងមូលហេតុនានា ដែលអាចធ្វើឲ្យមាននូវគ្រោះមហន្តរាយកើតឡើងក្នុងតំបន់របស់ខ្លួននិងដើម្បីជាការត្រៀមទុកជាមុនក្នុងការឆ្លើយតប។
ការថ្លែងរបស់ឯកឧត្តម អភិបាលរងខេត្តបាត់ដំបងបែបនេះគឺក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបង្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះនៅសណ្ឋាគារខេមរា១ ក្រុង-ខេត្តបាត់ដំបង។ ក្នុងខណៈបញ្ហាការប្រែប្រួលអាកាសធាតុ បានកើតឡើងជាបន្តបន្ទាប់ នៅទូទាំងសកលលោកនិងធ្វើឲ្យគ្រប់បណ្តាប្រទេសមានការប្រឈមនិងព្រួយបារម្ភពីបញ្ហាទាំងនេះ។ ហើយបញ្ហាទាំងនេះក៏ជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីអង្គការដៃគូនានា ដែយបានជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការថែទាំសុខភាពមនុស្សចាស់ ដែលជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ ។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានលើកឡើងថា៖ទាំងកម្ពុជា និង សកលលោក អត្រាចំនួនមនុស្សចាស់បានកើនឡើងជាបន្តបន្ទាប់។ ហើយពួកគាត់ក៏ជាធនធានមនុស្សដ៏មានតម្លៃរបស់មនុស្សជាតិ ដោយពួកគាត់ក៏បានចូលរួមចំណែកយ៉ាងច្រើននូវក្នុងការអភិវឌ្ឍសង្គមជាតិ ។
លោកបន្តថា ទន្ទឹមនឹងការចូលរួមក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិកន្លងមកនោះ ពួកគាត់ក៏ជាក្រុមមនុស្សដែលងាយនឹងរងគ្រោះ និងមានការប្រឈមនិងទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បញ្ហាគ្រោះមហន្តរាយ ឬក៏ បញ្ហាជំងឺផ្សេងៗជាដើម ផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឃុន សុខា ប្រធាននាយកដ្ឋានអប់រំ ផ្សព្វផ្សាយ និង បណ្ដុះបណ្ដាល នៃ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា៖បញ្ហាគ្រោះមហន្តរាយនៅកម្ពុជា បានកើតឡើងជាញឹកញាប់ និងកាន់តែបង្កកើតមានកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំង និងកាន់តែធ្វើឲ្យមានផលប៉ះពាល់ ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមជនបទ ក្នុងនោះក៏មាន “មនុស្សចាស់” ផងដែរ ។
ឯកឧត្តមបានបន្តទៀតថា ដើម្បីឆ្លើយតបនឹងការដោះស្រាយបញ្ហាមនុស្សចាស់ ដែលជាអ្នកងាយរងគ្រោះនេះទើបភាគីពាក់ព័ន្ធបានខិតខំបើកវគ្គបណ្ដុះបណ្ដាល នៅខេត្តបាត់ដំបងនេះឡើង ក្នុងការឲ្យនាំយកនូវការចែករំលែកនូវ បទពិសោធន៍ របស់មនុស្សចាស់នៅតាមមូលដ្ឋានហើយយើងក៏អាចរកវិធីសាស្ត្រ ដែលអាចឈានទៅដល់ការរៀបចំនូវផែនការ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ទៅថ្ងៃអនាគត ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានលើកដោយសង្កត់ធ្ងន់ថា ទាក់ទងនឹងការត្រៀមបង្ការសម្រាប់គ្រោះមហន្តរាយ និងការបញ្ចូលមនុស្សចាស់ទៅក្នុងការត្រៀមបង្ការគួរទទួលបាននូវការពង្រឹងសមត្ថភាព ក្នុងកិច្ចការស្វែងយល់ពីស្ថានភាព បរិបទ និងមូលហេតុនានា ដែលធ្វើឲ្យមានគ្រោះមហន្តរាយកើតឡើងក្នុងតំបន់របស់ខ្លួន និងការត្រៀមខ្លួនទុកជាមុនដើម្បីឆ្លើយតបនូវបញ្ហាទាំងអស់នោះ។ កន្លងមក រាជរដ្ឋាភិបាលអាជ្ញាធរខេត្តនានានិងអង្គការមនុស្សចាស់កម្ពុជាក៏បានខិតខំយកចិត្តទុកដាកក្នុងការរៀបចំឲ្យមានវេទិកា និងយន្តការដោះស្រាយនូវបញ្ហាកង្វល់នានា ជូនពួកគាត់បានជាបន្តបន្ទាប់ ហើយដែរ ។
វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងនេះគឺក្នុងគោលបំណង កសាងសមត្ថភាពសមាគមមនុស្សចាស់ បុគ្គលិក និង តំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ-ស្រុក ដែលពាក់ព័ន្ធនឹងគម្រោង ឲ្យមានការយល់ដឹង អំពីគោលគំនិត នៃការគិតគូពីមនុស្សចាស់ នៅក្នុងសភាពការ នៃការប្រែប្រួលអាកាសធាតុពិភពលោកបច្ចុប្បន្ន និងឲ្យមានការយល់ដឹងអំពី វិធីនៃការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






















