អត្ថន័យ ស.២១ នៃគុកទួលស្លែង របប៣ឆ្នាំ ៨ខែ ២០ ថ្ងៃ (របបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩)។




ពាក្យថា ស.២១ នៃគុកទួលស្លែងមានន័យដូចតទៅ៖ អក្សរ ” ស ” តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ មុនឆ្នាំ១៩៧៥ ជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ (សម័យសាធារណរដ្ឋខ្មែរ)។ ថ្ងៃទី ១៧មេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម(របបកម្ពុជាប្រជាធិបតេយ្យ) បានកាន់កាប់ទីក្រុងភ្នំពេញ ហើយកន្លែងនេះ ប្រើសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់ទីនេះផងដែរ។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗ ដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។
ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គ ដេីម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ “ក” បានរៀបចំជាបន្ទប់ទំហំ៦មx៤ម មានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។
អគារ “ក” សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និងប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ “ខ គ និង ឃ” ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។
មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ ហើយជនរងគ្រោះមួយចំនួនធំ បានបញ្ជូនទៅសម្លាប់នៅបឹងជើងឯក (ចម្ងាយ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ)។
មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។
មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់ និងប្រយោលប្រមាណ១.៧២០នាក់មន្ទីរ និងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេស និងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់ និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅ ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ (មុនឆ្នាំ១៩៧០)និងឈ្មោះឌុច គឺអតីតប្រធានមន្ទីរស២១ (សម័យកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩)។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស។
ជនរងគ្រោះដែលខ្មែរក្រហមចាប់ចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។ មានដូចខាងក្រោយ៖
• ក្នុងឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
• ក្នុងឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
• ក្នុងឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
• ក្នុងឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់
ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗ ដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញហើយបានចូលកាន់កាប់ក្រុងភ្នំពេញ ពួកគាត់បានរកឃើញជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិត។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។
បញ្ជាក់៖ ខ្មែរក្រហមបានរៀបចំអង្គការចាត់តាំងតាមភូមិភាគនីមួយៗ និងបង្កើតឲ្យមានមន្ទីរសន្តិសុខ ៧៧កន្លែង សម្រាប់សួរចម្លើយជនរងគ្រោះ ហើយបានបង្កើតទីតាំងវាលពិឃាដមាន ៣៤៣ កន្លែងសម្រាប់សម្លាញ់ជនរងគ្រោះ និងទីតាំងរណ្តៅសាកសពរួមមាន ១៩៤៤០រណ្តៅ។
រៀបរៀង និងបកប្រែដោយ៖ ហាក់ ចាន់រស្មី
ប្រភព៖ ទង់បដិវត្តន៍ វិបត្តិកម្ពុជា ប៉ុលពលជានរណា? BOPHANA (Elizabeth Becker) Documentation Center of Cambodia ប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ Khmer Rouge History ( Michael Vickery).
https://www.facebook.com/114489037099393/posts/140430694505227/?d=n