ក្រសួងអប់រំយកគោលការណ៍ចំនួន៤សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបខាងមុខនេះប្រព្រឹត្តិទៅរលូនល្អនិងទទួលយកបាននោះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយន្ដការប្រឡងតាមគោលការណ៍៤គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។
ការដាក់ចេញនូវគោលការណ៍ទាំង៤ចំណុចនេះដែរត្រូវបានក្រសួងអប់រំរៀបចំសិក្ខាសាលានៅថ្ងៃទី២៤ខែវិច្ឆិកានេះដើម្បីឱ្យមន្រ្តីក្រសួងអប់រំដែលពាក់ព័ន្ធក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបនាខាងមុខបានទទួលការបណ្តុះបណ្តាលនិងអនុវត្តការងារបានកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថាក្នុងពិធីនេះដែរបានប្រព្រឹត្តិឡើងក្រោមអធិបតីភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់គោលបំណងសំខាន់ដើម្បីឱ្យសិក្ខាកាមទាំងអស់ បានយល់ច្បាស់នូវយន្ដការប្រឡងតាមគោលការណ៍បួនគឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ប្រព្រឹត្តទៅដោយរលូន និងបានជោគជ័យ។
ក្នុងនេះ ក៏មានការធ្វើកិច្ចពិភាក្សាទៅលើប្រធានបទចំនួន០៤ចំនុច ៖ ១) ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ ២) តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ៣) តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង ៤) បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សូមបញ្ជាក់ថាដើម្បីរក្សាបាននូវគម្លាតតាមស្ដង់ដារសុវត្ថិភាពក្នុងបរិបទកូវីដ-១៩នេះក្រសួងបានរៀបចំសិក្ខាសាលាជាពីរក្រុមគឺក្រុមពេលព្រឹកមាន ១៦អង្គភាពក្រោមឱវាទក្រសួងសរុប១១០នាក់ និងក្រុមពេលរសៀលមាន ១២អង្គភាពក្រោមឱវាទក្រសួងសរុប១០៩នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនក្នុងពិធីនេះក៏បានវាយតម្លៃខ្ពស់ទៅលើកំណែទម្រង់អប់រំ គឺផ្ដើមចេញពីកំណែទម្រង់ការប្រឡងដែលធ្វើឲ្យសិស្សត្រូវតែខិតខំរៀន ដូច្នេះកំណែទម្រង់ប្រឡងគឺមានន័យធំធេងណាស់ក្នុងការកែលម្អគុណភាពអប់រំនៅកម្ពុជា៕