ក្រសួងប្រៃសណីយ៍ប្រកាសលុបចោលអាជ្ញាបណ្ណចំនួន៣ របស់ក្រុមហ៊ុន Chuan Wei
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តី ពីការសម្រេចលុបអាជ្ញាបណ្ណចំនួន៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី២៤ ខែវិច្ឆិកានេះបញ្ជាក់ថាអាជ្ញាបណ្ណទាំងនោះរួមមាន ១) អាជ្ញាបណ្ណសេវាសំឡេងតាមរយៈពិធីការអ៉ីនធឺណិត, ២) អាជ្ញាបណ្ណសេវាទូរសព្ទចល័ត 4G និង ៣) អាជ្ញាបណ្ណសេវាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ។
យ៉ាងណាក្តីក្រសួងប្រៃសណីយ៍ក៏បានបញ្ជាក់ដែរថាក្រសួងនឹងរក្សាទុកអាជ្ញាបណ្ណសេវាអ៉ីនធឺណិត (ISP) ឱ្យក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុនសងបំណុលដែលជំពាក់រដ្ឋ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ដដែលនេះបញ្ជាក់ដែរថាគិតរហូតមកដល់ពេលនេះ កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ។
ក្រសួងនឹងបន្តចាត់វិធានការលុបអាជ្ញាបណ្ណ របស់ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណា ដែលគេចវេះមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ដូចជាមិនមានប្រតិបត្តិការ មិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុនិងបច្ចេកទេសគ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលជូនរដ្ឋ ជាដើម។
ក្រសួងប្រៃសណីយ៍បានជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តឱ្យបានពេញលេញតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ៕