ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យការសាងសង់ព្រលានយន្តហោះខ្នាតយក្ស
លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី០៣ ខែមិថុនានេះ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញលំដាប់ពិភពលោកនេះមានផ្ទៃប្រមាណ៥ពាន់ហិកតា ហើយប្រើប្រាស់ថវិកាចំនួន១៥០០លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) របស់លោក ឧកញ៉ាពុង ឃាវសែ។ លោក ពុង ឃាវសែធ្លាប់បញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ អាចនឹងរួចរាល់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។ ប៉ុន្តែដោយសារការាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យដំណើរការសាងសង់មានភាពយឺយ៉ាវ គិតត្រឹមពេលនេះ ព្រលាន្តយន្តហោះគឺដំណើរការបានត្រឹមតែ៣០%ប៉ុណ្ណោះ។
ឧកញ៉ាពុង ឃាវសែ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោកដែលធំជាងអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិនសព្វថ្ងៃ ប៉ុន្តែតូចជាងអាកាសយានដ្ឋាន Chicago O’Hareរបស់អាមេរិក ។
ឧកញ៉ា ឃាវសែបន្តថា អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ និង៣០លាននាក់នៅឆ្នាំ ២០៥០។
អ្នកឧកញ៉ាបញ្ជាក់ទៀតថា ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជាទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន១០% ចំណែកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០%។ ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ រដ្ឋាភិបាលនិងក្រុមហ៊ុន OCIC ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment»។ គម្រោងសាងសង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង នៅក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៨៕

