វិបត្តិកូវីដ១៩៖ ទំនិញកសិកម្មកម្ពុជាខ្លះ នាំចេញថយចុះជិត១០០ ខណៈទំនិញខ្លះមានតម្រូវការកើនឡើង

អត្ថបទដោយ៖

ក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២០នេះ ពោលគឺក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅក្នុងពិភលោក ក៏ដូចជាកម្ពុជា ការនាំចេញផលិតផលម្សៅដំឡូងមី បានធ្លាក់ចុះប្រមាណ៩៧.៣០ភាគរយ ខណៈការនាំចេញ ផ្លែចេកស្រស់បានកើនឡើងដល់១៧៦ភាគរយធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី០៣ ខែមិថុនានេះ។

លោក វេង សាខុន បានឲ្យដឹងថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖  ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។ ខណៈ ការនាំចេញ ផ្លែចេកស្រស់បាន ១២១ ៤១៥តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង ១៧២,៧៣% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤ ៥១៨ តោនប៉ុណ្ណោះ ។

ក្រៅពីនេះកម្ពុជាបាននាំចេញគ្រប់ស្វាយចន្ទីនាំចេញបាន ១៩០ ១៤១តោន កើនឡើងប្រមាណ ៣៨ ៥៨១ តោន ឬកើនឡើង ២៥,៤៦% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩។ ខណៈការនាំចេញគ្រាប់ពោតបាន ៣៥ ៦៣៦តោន ថយចុះប្រមាណ ១៥ ០៤៣តោន ស្មើនឹង -២៩,៦៨%។

ចំណែកឯការនាំចេញផ្លែស្វាយស្រស់នាំបាន ៤៤ ០៩៩តោន កើនឡើងប្រមាណ ១៤ ៨៨៥តោន ស្មើនឹង ៥០,៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩ ២១៤ តោនប៉ុណ្ណោះ ។ ម្រេចនាំចេញបាន ២ ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២០ ០៦១ តោនប៉ុណ្ណោះ៕​

ads banner
ads banner
ads banner