ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន នឹងដោះស្រាយជូនអាជីវករលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ស្ថាបនិករមនីយដ្ឋានគៀនស្វាយក្រៅ និងឯកឧត្តម កែវ សុខឃាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំភូមិធំ ស្រុកកៀនស្វាយ  ខេត្តកណ្តាល បានរួមគ្នាចុះដោះស្រាយសំណើរ សំណូមពរ និងតម្រូវការចាំបាច់ ជូនដល់អាជីវករលក់នៅរមណីយដ្ឋានគៀនស្វាយក្រៅ។
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ជាមួយក្រុមអាជីវករ លក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅនារសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានស្នើអោយអ្នកលក់ដូរ អោយមានសណ្តាប់ធ្នាប់ និងអនាម័យល្អ ជាពិសេសត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ។ ក្នុងនោះ ក្រុមអាជីវករលក់ដូរនៅរមណីយដ្ឋានកៀនស្វាយ ក៏បានសំណូមពរដល់ក្រុមការងារ អោយជួយស្តារប្រព័ន្ធប្រឡាយលូ និងអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់។
ឯកឧត្តម កែវ សុខឃាង បានថ្លែងថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហា ទំាងនេះជាបន្ទាន់នៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណើនិងសំណូមពរ ដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ ។ លោកប្រធានក្រុមការងារបានបញ្ជាក់ថា ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយថ្នាក់ជាតិ រដ្ឋបាលខេត្ត នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការ ដោះស្រាយជួយអាជីវករលក់ដូរឲ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាក។
ក្នុងឱកាសនោះ ឯកឧត្តម កែវ សុខឃាង ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគដ៏កាចសាហាវនេះ ខណៈពេលដែលមេរោគកូវីដ១៩នេះ បានឆ្លងទៅលើមនុស្សនៅលើពិភពលោកជាង៧លាននាក់ និងបានសម្លាប់មនុស្សជាង៤២ម៉ឺននាក់។ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចភ្ញៀវដែលមកទិញចំណីអាហារនៅទីនេះ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយ បងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនក្រុមអាជីវករទាំងអស់ឲ្យថែរក្សាសុខភាព ពិសេសត្រូវមានអនាម័យឲ្យបានល្អដោយអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំគ្នា និងប្រមូលផ្តុំគ្នា ដើម្បីបញ្ចៀសការឆ្លងជំងឺ Covid-19 ទាំងអស់គ្នា។
ឯកឧត្តម ប្រធានក្រុមការងារ បានចាត់ទុកថា ការដាក់សំណើរ និងកង្វល់ របស់ប្រជាពលរដ្ឋ ជាអាជីវករ ដែលបានលើកឡើងជាបន្ទាន់នេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរ ក្នុងកាដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។
ឯកឧត្តម បានថ្លែងថា វេទិកាសាធារណៈ ដែលរៀបចំដោយមូលដ្ឋាននេះ ពិតជាមានសារៈសំខាន់ណាស់ដែលបានដឹងពីព័ត៌មាននិងតម្រូវការថ្មីៗរបស់បងប្អូនអាជីវករដែលលក់ដូរនៅមូលដ្ឋាននោះ ដើម្បីអោយអាជ្ញាធរចាត់វិធានការណ៍ដោះស្រាយអោយចំទិសដៅជូន ។ ឯកឧត្តម កែវ សុខឃាង បានបញ្ជាក់ថា វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅពេលក្រោយៗទៀត ដើម្បីផ្តល់ឱកាសដល់អាជីវករបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយក្រុមការងារចុះជួយមូលដ្ឋាន ។
សូមបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅរមណីយដ្ឋានកៀនស្វាយក្រៅនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ក្នុងនោះអ្នកលើកជាសំណើរនិងសំនួរ ផ្ទាល់មាត់មានចំនួន៤នាក់៕ 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner