សារប៉ុន្មានឃ្លានេះ សង្ឃឹមថាអាចដាស់តឿនអ្នកបានខ្លះ…
ដោយសារតែហេតុផលជាច្រើន យើងអាចនឹងភ្លេច ឬមើលរំលងនូវរឿងរ៉ាវសំខាន់មួយចំនួននៅក្នុងជីវិតរបស់យើង…សូមអាននូវឃ្លាខាងក្រោមនេះ ដើម្បីជាការពញ្ញាក់អារម្មណ៍ ក៏ដូចជាដាស់តឿនក្រើនរំលឹកអ្នកឡើងវិញទាក់ទិននឹងការធ្វើបុណ្យមិនថាចំពោះអ្នកមានគុណ ឬសាសនាឡើយ…
កុំភ្លេចព្រះរស់
ឳពុកម្តាយ ឬអាណាព្យាបាលដែលមើលថែទាំចិញ្ចឹមបីបាច់អ្នកតាំងតែពីតូចមក ជាមនុស្សដែលអ្នកគោរពប្រណិបតន៍ជាងគេ ហេតុនេះហើយ មុនពេលទៅវត្ត ត្រូវប្រាកដថាពួកគាត់ក៏ត្រូវបានមើលថែទាំរួចរាល់សព្វគ្រប់ ទាំងម្ហូបអាហារ នំចំណី។ល។

ធ្វើបុណ្យតាមសទ្ធា
កុំធ្វើបុណ្យចង់ឈ្នះចង់ចាញ់នរណាម្នាក់ ឬធ្វើបុណ្យលោភ លើសពីលទ្ធភាពរបស់ខ្លួនឡើយ!

ពេលវេលានៅក្បែរគ្នា គឺមានកំណត់
មិនប្រាកដថាឆ្នាំនេះបានជួបជុំ ឆ្នាំក្រោយក៏មានឱកាសទៀតនោះទេ អនាគតសុទ្ធតែមិនអាចមើលឃើញ ហេតុនេះហើយ បើឆ្លៀតបាន សូមឆ្លៀតចំណាយពេលជួបជុំជាមួយគ្រួសាររបស់អ្នក។
ធ្វើបុណ្យដោយចិត្តជ្រះថ្លា
កុំនិយាយថាធ្វើបុណ្យធ្វើសកម្មភាពមែន តែក្នុងចិត្តមិនជ្រះស្រឡះ គិតតែរឿងមិនទៀងត្រង់ អពមង្គលឲ្យសោះ។ សូមបំភ្លេចចោលនូវទង្វើនាំបាបទាំងឡាយ…

ម៉ែឳប្រឹងរស់ ព្រោះកូន
ឲ្យតែនៅមានជីវិត រាល់ការគិត និងធ្វើអ្វីមួយរបស់ឳពុកម្តាយរបស់យើង គឺដើម្បីយើងគ្រប់បែបគ្រប់យ៉ាង ហេតុនេះហើយសូមកុំធ្វើឲ្យពួកគាត់ពិបាកចិត្តមិនថាក្នុងរូបភាពណាមួយក៏ដោយ។
ធ្វើបុណ្យឲ្យត្រូវតាមក្បួន
សូមកុំយកទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់ទៅជាន់ឈ្លី ដោយការប្រព្រឹត្តប្រាសចាកនូវក្បួនខ្នាតដែលបានណែនាំ ដូចជាការបោះបាយបិណ្ឌ ជាដើម កុំរវល់តែលេងសើចសប្បាយខុសទំនង។
កុំភ្លេចដូនតា
ចំណុចនេះ សំដៅដល់សាច់ញាតិជាអ្នកមានគុណដែលបានលាចោកលោកទៅហើយ សូមកុំភ្លេចធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់ពួកលោកផង។

ដាក់ទាន ដោយចិត្តស្មោះសរ
សូមដាក់ទានដល់អ្នកដែលត្រូវការជំនួយផង បើសិនអ្នកមានលទ្ធភាព មិនថាតិចក្តីច្រើនក្តី ជាថវិកា ឬនំចំណី គួរតែជួយដល់គ្នា ដោយកុំសម្លឹងឃើញ ឬរំពឹងអ្វីមួយ។