នៅសៀមរាប ១យប់ ២ថ្ងៃ អាចធ្វើអ្វីបានខ្លះ?

អត្ថបទដោយ៖
AMS

អ្នកខ្លះ ដូចជាមិនចូលចិត្តដើរលេងពេលមានមនុស្សច្រើនអ៊ូអរ ជាពិសេសពេលមានបុណ្យទានធំៗ ឈប់យូរៗអី…ហើយក៏ចូលចិត្តដំណើរកម្សាន្តរយៈពេលខ្លីក្នុងពេលចុងសប្តាហ៍វិញ ហេតុនេះហើយ ថ្ងៃនេះ ខ្ញុំនឹងណែនាំនូវគម្រោងដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាបសម្រាប់ពេល១យប់២ថ្ងៃ​នៅក្នុងអត្ថបទនេះផ្ទាល់។

ថ្ងៃទី១

មើលថ្ងៃរះនៅប្រាសាទអង្គរវត្ត

កុំភ្លេចមើលការព្យាករណ៍អាកាសធាតុជាមុនផង ដើម្បីចៀសវាងការងើបលឿនហើយតែមិនបានមើលដូចចិត្តប្រាថ្នាអីចឹង។ បើប៉ះថ្ងៃមានថ្ងៃរះស្អាត អ្នកនឹងអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតជាច្រើន ជាមួយនឹងការរួមបញ្ចូលទាំងប្រាសាទ ធម្មជាតិ និងរូបអ្នក។

ដើរលេងតំបន់ប្រាសាទមួយព្រឹក

វង់តូចក៏បាន វង់ធំក៏បាន…មានប្រាសាទបុរាណខ្មែរយើងជាច្រើន នៅឈរយ៉ាងស្កឹមស្កៃរង់ចាំវត្តមានភ្ញៀវទេសចរទៅទស្សនា។

ញ៉ាំបាយមាន់ដុតនៅស្រះស្រង់

ចុះឡើងៗថតរូបផង ដើរផង ដូចរាងអស់កម្លាំង ហើយក៏ជិតដល់ម៉ោងបាយថ្ងៃត្រង់ល្មម។ កុំបារម្ភថាពិបាកជិះមកក្រុងវិញ រាងឆ្ងាយអី…នៅជាប់នឹងប្រាសាទស្រះស្រង់ ក៏មានភោជនីយដ្ឋានបម្រើអាហារថ្ងៃត្រង់មួយចំនួនផងដែរ មានទាំងមាន់ដុត និងម្ហូបស្រុកស្រែផ្សេងទៀត។

ដើរលេងនៅស្រុកបន្ទាយស្រី

នៅស្រុកបន្ទាយស្រី ក្រៅពីប្រាសាទបន្ទាយស្រី និងរសជាតិនំបញ្ចុករសជាតិឆ្ងាញ់ល្បីតៗគ្នា ក៏មានកន្លែងកម្សាន្ត ដែលភាគច្រើនអមដោយធម្មជាតិស្រស់ត្រកាល រួមមានទេសភាពជើងភ្នំ សួនផ្កា បឹងឈូក។ល។

រីករាយនឹងអាហារបែបStreet Foodនៅផ្លូវ៦០ម

ត្រឡប់មកពីបន្ទាយស្រី ក៏កៀកពេលអាហារពេលល្ងាចល្មម! នៅផ្លូវ៦០ម មានអាហារបែប Street Food ច្រើនមុខច្រើនជម្រើស បើបានទៅ ដឹងតែមិនខកចិត្តនោះទេ គឺថា ចង់ញ៉ាំអី ក៏មានដែរ។

ថ្ងៃទី២

ជិះទូកកម្សាន្តនៅបឹងទន្លេសាប

អាចទៅខាងកំពង់ភ្លុក ឬចុងឃ្នាស ដែលសុទ្ធតែមានទេសភាពបឹងទន្លេសាប និងផ្ទះបណ្តែតទឹករបស់ប្រជាជនរស់នៅលើផ្ទៃបឹង។

ញ៉ាំអីនៅហាងកាហ្វេ ហើយទស្សនាសារមន្ទីរ និងវិចិត្រសាលសិល្បះ

នៅក្នុងក្រុងសៀមរាប មានហាងកាហ្វេស្អាតៗច្រើនកន្លែងណាស់ ហើយក៏មានបម្រើអាហារសម្រន់ផងដែរ។ បន្ទាប់ពីចម្អែតក្រពះហើយ លោកអ្នកអាចចំណាយពេលទស្សនាកន្លែងដែលបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ នៅតាមសារមន្ទីរ ឬវិចិត្រសាលសិល្បះនានា។

ទស្សនាទេសភាពនៅតាមស្រុកស្រែ

លោកអ្នកអាចជ្រើសរើសសកម្មភាពតាមចំណូលចិត្ត និងអាកាសធាតុ អាចជាការជិះ Quad Bike ការជិះរទះគោ ការជិះកង់ ការជិះសេះ…។ល។

ជិះកន្ត្រកវិលមើលទិដ្ឋភាពទីក្រុង មើលខាងក្រោមមិនអស់ចិត្ត មើលពីលើអាកាសបន្ថែម…កន្រ្តកវិលនៅសៀមរាប អាចឲ្យអ្នករីករាយនឹងទិដ្ឋភាពកំរដ៏ស្រស់ស្អាតនៃសម្រស់ទីក្រុងអង្គររបស់យើងពីខាងលើរយៈកម្ពស់យ៉ាងខ្ពស់។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner