សញ្ញាសង្ស័យបី អាចបង្ហាញថាកុមារមានបញ្ហាអូទីស្សឹម

អត្ថបទដោយ៖
ហេង សុវណ្ណ

ហេតុអ្វីបានជាកុមារមានបញ្ហាអូទីស្សឹម? សំណួរនេះជាចំណោទមួយដែលម្តាយឪពុកជាច្រើននាពេលបច្ចុប្បន្ន តែងបារម្ភជារឿយៗពីការវិវត្តន៍ប្រាជ្ញានិងស្មារតីកូនរបស់ខ្លួនជានិច្ច។ ទន្ទឹមគ្នានេះ ក៏បារម្ភដែរថា តើកូនរបស់ខ្លួនអាចមានបញ្ហានេះដែរទេ? បើមានតើអនាគតកូននឹងទៅជាយ៉ាងណា? ចម្លើយខ្លីនៃសំណួរនេះ គឺឪពុកម្តាយវ័យក្មេងចាំបាច់ត្រូវឈ្វេងយល់បញ្ហានេះឱ្យបានស៊ីជម្រៅពីអូទីស្សឹម។ 

រូបភាពទី១ លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍មានប្រសាសន៍ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម

យ៉ាងណាក៏ដោយ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម នៅតែអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។ តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ (ប៉ានប្រមាណ) ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ និងអប់រំបំណិនជីវិត​។ ​

នេះបើតាម លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈការអប់រំដល់កុមារនៅសាលារៀនមួយ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ មានប្រសាសន៍ថា សញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមាររស់នៅមិនសូវមានទំនាក់ទនង ហាក់ដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខម្តាយឪពុកចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។

ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។

ទី៣ អាកប្បកិរិយាកុមារ មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស។ ប៉ុន្តែលក្ខណៈដែលអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់អ្នកជំនាញវាយតម្លៃស្ថានភាពកុមារជាក់ស្តែង។

លោក ចាន់ សារិន ៖ “កុមារអូទីស្សឹម ខុសពីកុមារខ្សោយសតិបញ្ញា។ កុមារខ្សោយសតិបញ្ញា អាចចាត់ទុកជាពិការ តែកុមារអូទីស្សឹមមិនមែនជាជនពិការនោះទេ។ អូទីស្សឹម មិនអាចព្យាបាលបានទេ ប៉ុន្តែអាចជួយកុមាបានតាមរយៈការអប់រំនិងកាត់បន្ថយឥរិយាបថកុមារ”។

គួរកត់សម្គាល់ថា ការកំណត់ថា កុមារមានបញ្ហាអូទីស្សឹម (Autism) ត្រូវបានកំណត់និងរកឃើញដំបូងបង្អស់ក្នុងពិភពលោក នៅឆ្នាំក្នុង ១៩៤៣ ដោយលោក Leo Kanner អ្នកចិត្តសាស្ត្រកុមារ នៅសាកលវិទ្យាល័យ Johns Hopkins University School សហរដ្ឋអាម៉េរិក។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០ នេះ មូលហេតុបង្កឱ្យកុមារមានបញ្ហាអូទីស្សឹម មិនទាន់មានអ្នកវិទ្យាសាស្ត្ររកឃើញច្បាស់លាស់នោះទេ។

នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍បានបន្តនិយាយថា តាមការស្រាវជ្រាវក្នុងពិភពលោក ឆ្នាំ២០០៣ ក្នុងចំណោមកុមារ ១ពាន់នាក់ មានកុមារបីទៅបួននាក់ប៉ុណ្ណោះដែលមានបញ្ហាអូទីស្សឹម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមកុមារ ១ពាន់នាក់ មានបញ្ហាអូទីស្សឹមពី ១០ ទៅ ១៥ នាក់ដែលចំនួននេះកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្រកំពុងតែឆ្ងល់ថា តើហេតុអ្វីបានជាបញ្ហាកុមារអូទីស្សឹម មានការកើនឡើងយ៉ាងដូច្នេះ។

ខណៈមិនទាន់មានហេតុផលបញ្ជាក់ថា កុមារអូទីស្សឹម មានបញ្ហាបណ្ដាលមកពីអ្វីឲ្យបានច្បាស់លាស់ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម ប្រហែល ១៥ភាគរយបណ្ដាលមកពីកត្តាហ្សែនម្តាយឪពុក (តំណពូជ) និងមួយផ្នែកទៀតបណ្ដាលមកពីកត្តាបរិស្ថាននៅជុំវិញខ្លួនរស់នៅរបស់កុមារ ដូចជាទម្លាប់ទុកកូនចោល ឬឱ្យកូនលេងតែឯង និងបណ្តោយឱ្យកុមារប្រើប្រាស់ឧបរណ៍ស្មានហ្វូនជ្រុលហួសជាដើម។

លោក ចាន់ សារិន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ “ប្រសិនបើមិនគិតដល់កុមារដែលមានបញ្ហាអូទីស្សឹម កុមារទាំងនោះនឹងបាត់បង់ឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន នឹងបង្កការលំបាកយ៉ាងច្រើនដល់សង្គម ឬអាចនិយាយម្យ៉ាងទៀតថា ជាបន្ទុកនៅក្នុងសង្គម។ នោះសង្គមចាត់ទុកពួកគេ គឺជាមនុស្សដែលឆ្កួតលីលា ផាត់ពួកគេចោល ហើយបញ្ហានេះមិនត្រូវបានដោះស្រាយឡើយ។ ដូច្នេះ ការជួយសង្គ្រោះកុមារអូទីស្សឹម គឺជាការផ្តល់ឱកាសឱ្យពួកគេអភិវឌ្ឍន៍សមត្ថភាពខ្លួនបានល្អប្រសើរនៅថ្ងៃអនាគត”។

អ្នកជំនាញខាងអប់រំកុមារខាងលើមានប្រសាសន៍បញ្ជាក់ថា ឳពុកម្តាយវ័យក្មេង យុវជន ឬម្តាយឪពុក មិនគួរព្រួយបារម្ភពីបញ្ហាអូទីស្សឹមខ្លាំងពេកនោះទេ ប៉ុន្តែត្រូវស្វែងយល់ព័ត៌មានអំពីអូទីស្សឹមស៊ីជម្រៅ និងយកចិត្តទុកដាក់ថែទំាសុខភាពឱ្យបានល្អ។​ លោកថា ការថែទាំសុខភាពទារក និងស្ត្រីជាម្តាយក្នុងដំណាក់កាលមានផ្ទៃពោះ ជាចំណែកសំខាន់ដែលត្រូវ​យកចិត្តទុកដាក់ជាចម្បង៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner