លោក ចូ បៃដិន និងប្រមុខអង្គការសហប្រជាជាតិពិភាក្សាអំពីការពង្រឹងភាពជាដៃគូដោះស្រាយ Covid-19 និងបញ្ហាប្រែប្រួលអាកាសធាតុ
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បាននិយាយជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃចន្ទនេះ ដោយពិភាក្សាអំពីតម្រូវការសម្រាប់ភាពជាដៃគូ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងការប្រែប្រួលអាកាសធាតុជាបញ្ហាពីរ ដែលលោក ដូណាល់ ត្រាំ បានបដិសេធដំណោះស្រាយពហុភាគី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ បានសំដៅទៅលើការប្រែប្រួលអាកាសធាតុថា ជាការបោកបញ្ឆោត ហើយនៅឆ្នាំ២០១៧ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពិភពលោក ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ជាការសម្រេចចិត្តដែលបានចូលធរមាននៅថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅ ។ ដោយឡែកលោក ចូ បៃដិន បានសន្យាថា នឹងចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ ដែលបានព្រមព្រៀងកាលពីឆ្នាំ២០១៥ ។
ក្រុមរបស់លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ហ្គូដទែរ៉េស ក៏បានពិភាក្សាផងដែរអំពី ការដោះស្រាយតម្រូវការមនុស្សធម៌ ការជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកម្ពស់សន្តិភាព និងសន្តិសុខ ការដោះស្រាយជម្លោះ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ លោក បៃដិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់លោក ហ្គូដទែរ៉េស អំពីអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសអេត្យូពី និងហានីភ័យចំពោះជនស៊ីវិល ៕


