ហេតុផល ១០ យ៉ាង អ្នកគួរអានសៀវភៅប្រលោមលោក
អ្នកខ្លះគិតថាទាល់តែអានសៀវភៅអំពីចំណេះដឹងផ្សេងៗ ដូចជាការអភិវឌ្ឍខ្លួន ប្រវត្តិសាស្ត្រ ដំណើរជីវិតរបស់បុគ្គលជោគជ័យទើបមានគុណប្រយោជន៍ ហើយក៏មិនបានគិតដល់អំពីចំណុចល្អៗជាច្រើនដែលពួកគេអាចនឹងទទួលបានអំពីការអានរឿងប្រលោមលោក។ ដូចនេះហើយ ខាងក្រោមនេះនឹងបង្ហាញអំពីអត្ថប្រយោជន៍នៃការអានប្រលោមលោកមិនថាជាភាសាខ្មែរ ឬភាសាណាមួយនោះទេ…
#១ ពង្រឹងការចង់ចាំ
មែនណា៎! អានប្រលោមលោកត្រូវការចាំព័ត៌មានជាច្រើន ដូចជាប្រវត្តិតួអង្គ ទីកន្លែង ដំណើររឿង ដែលមិនងាយដូចមើលវីដេអូនោះទេ ហេតុនេះហើយ ពេលអានប្រលោមលោកប្រៀបបាននឹងការហ្វឹកហាត់សមត្ថភាពនៃការចងចាំបានយ៉ាងល្អ។
#២ បង្កើនចំណេះដឹង
ប្រលោមលោកណាក៏មានឆ្លុះបញ្ចាំងនូវសាច់រឿង ឬដំណើរជីវិតរបស់នរណាម្នាក់ ដែលសុទ្ធតែបង្កប់នូវមេរៀនជីវិតជាច្រើន ដែលអាចឲ្យអ្នកអានស្វែងយល់ និងរៀនសូត្របាន។
#៣ ពង្រឹងសមត្ថភាពក្នុងការគិតវិភាគ
មានប្រលោមលោកខ្លះ មានសាច់រឿងវែងឆ្ងាយ ជាមួយនឹងចំណុចអាថ៌កំបាំងមួយចំនួនដែលនាំចិត្តអ្នកអានឲ្យជក់ក្នុងការតាមដាន ហើយខំប្រឹងវិភាគទៅតាមវគ្គនីមួយៗ។

#៤ បន្ធូរសម្ពាធផ្លូវចិត្ត
ពេលដែលបើកពីមួយទំព័រទៅមួយទំព័រតាមដាននូវសាច់រឿងបន្តបន្ទាប់ដោយមិនចាំបាច់គិតអំពីរឿងផ្សេងៗនោះ ជាពេលវេលាដ៏ល្អប្រសើរមួយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកអាន។
#៥ ស្វែងយល់អំពីរឿងរ៉ាវផ្សេងៗក្នុងជីវិត
មានជីវិតមានបញ្ហា ហើយបើមានបញ្ហាមានដំណោះស្រាយ គ្រាន់តែអាចនៅផ្នែកផ្សេងគ្នាទៅតាមការតាក់តែងរបស់អ្នកនិពន្ធ។ ហេតុនេះហើយ រាល់បញ្ហាដែលលើកឡើងដោយត្រង់ៗ ឬបង្កប់នូវក្នុងសាច់រឿង នឹងជួយឲ្យយើងបានត្រៀមខ្លួនទុកជាមុនចំពោះស្ថានភាទាំងនោះ។
#៦ បង្កើនស្មារតីរឹងមាំក្នុងការផ្តោតអារម្មណ៍
ប្រាកដណាស់! អានប្រលោមលោកជក់ខ្លាំង ពេលខ្លះ មិនថានៅកន្លែងបែបណាទេ នៅតែអាចផ្តោតទៅលើដំណើររឿងបានទៀត ដែលអាចចាត់ទុកថាជាការហ្វឹកហាត់ជំនាញមួយនេះបានផងដែរ។
#៧ អភិវឌ្ឍជំនាញក្នុងការសរសេរ
មុនសរសេរ គឺត្រូវអានឲ្យបានច្រើន…មិនខុសទេ ទោះបីមិនមានគម្រោងថានឹងសរសេរប្រលោមលោក ក៏អ្នកអានអាចប្រើប្រាស់អ្វីដែលខ្លួនរៀននៅក្នុងកាលៈទេសៈផ្សេង ដូចជាការផុសStatus ឬ ការសរសេរ caption ដើម្បីឲ្យមានភាពទាក់ទាញជាដើម។

#៨ ផ្តល់នូវសារដាស់តឿន
មានរឿងខ្លះយើងហាក់ដូចជាមើលរំលង ឬភ្លេចមានអំណរចំពោះជីវិតខ្លួនឯងស្របពេលដែលអ្នកខ្លះកំពុងតែប្រាថ្នាចង់បានជីវិតដូចយើង។ នៅពេលដែលបានអានអំពីសាច់រឿងរបស់តួអង្គ អ្នកអាននឹងគិតត្រឡប់មកជីវិតខ្លួនឯង ហើយកាត់បន្ថយការគិតអវិជ្ជមានចំពោះជីវិតខ្លួនឯងបានច្រើន។
#៩ បង្កើនភាពច្នៃប្រឌិត
ពិសេសចំពោះរឿងបែបអភិនិហា ពេលអានយល់សាច់រឿងដ៏អស្ចារ្យដែលមិនធ្លាប់បានឃើញ ឬគិត អ្នកអានអាចនឹងចាប់ផ្តើមស្រមៃអំពីភាពអស្ចារ្យផ្សេងទៀត ដែលនឹងអាចក្លាយជាគំនិតអាជីវកម្ម ឬគំនិតអ្វីថ្មីប្លែកសម្រាប់កិច្ចការណាមួយរបស់ខ្លួន នាពេលអនាគត។
#១០ ជម្រុញការចាប់ផ្តើម ឬការផ្លាស់ប្តូរវិជ្ជមាន
ពេលខ្លះ អានហើយក៏លួចខ្សឹប ឬប្រាប់ខ្លួនឯងនៅមុខកញ្ចក់ថា «តួអង្គក្នុងប្រលោមលោកអាចធ្វើបាន យើងក៏ធ្វើបានដែរ!» ។ ជួនកាល អាចជាការដើរលេងនៅតំបន់ណាមួយ ការរើបំរះពីគំនាបគ្រួសារ ឬសង្គម ជាដើម។
ចុះអ្នកវិញ? ហេតុអ្វីបានចូលចិត្តអានប្រលោមលោក?
