កាំកុងត្រូលក្រសួងពាណិជ្ជកម្មរកឃើញសារធាតុមេតាណុលខ្ពស់ក្នុងស្រា នៅកំពង់ឆ្នាំង ដែលសង្ស័យថា ជាស្រាពុលបណ្តាលឲ្យមានមនុស្ស៧នាក់ស្លាប់ និងជាង១០០នាក់រងការពុល

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅរសៀលថ្ងៃទី១ធ្នូឆ្នាំ២០២០នេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចដឹកនាំសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០២០ បានចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតផលស្រាចំនួន ៨កន្លែង ក្នុងនោះ៣កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង ៥កន្លែងទៀតក្នុងស្រុកកំពង់ត្រឡាច ។

ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មាន សាវតា ពាក់ព័ន្ធនៃការពុល និងបានប្រមូលនិងដកយកគំរូសំណាកស្រាសរុបចំនួ ៧៣គំរូ ដោយ១៨គំរូទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង៥៥គំរូ ទទួលបានពីទីតាំងសិប្បកម្ម៨កន្លែង មកធ្វើការវិភាគនៅ មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។ លទ្ធផលនៃការធ្វើតេស្តគំរូសំណាករួមមាន ៥គំរូ នៃស្រាចំនួន១៦គំរូ ដែលទទួលបានពីស្នងការដ្ឋាននគរបាលខេត្ត មានវត្តមានមេតាណុលក្នុងកម្រិតខ្ពស់ចាប់ពី ១០.៥% រហូតដល់ ១៧.២៥ % លើសកម្រិតអនុញ្ញាតដែលឱ្យខ្ពស់បំផុតត្រឹមតែ ០.១៥% ប៉ុណ្ណោះ។

ចំណែក៥៥គំរូ ដែលបានដកហូតពីសិប្បកម្មចំនួន ៨កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។ តាមរយៈលទ្ធផលខាងលើ និងផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ សបញ្ជាក់ឱ្យឃើញថា គំរូស្រាចំនួន៥ ក្នុងចំណោម គំរូស្រាចំនួន១៦ ខាងលើ មានកម្រិតមេតាណុល លើសពី១០ក្រាម ក្នុង១០០មីលីលីត្រ ស្រា ដែលមានន័យថា
ក្មេងជំទង់អាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី ១០០មីលីលីត្រ ឡើងទៅ និង
មនុស្សពេញវ័យអាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី ៣០០មីលីលីត្រ ឡើង។

សូមបញ្ជាក់ផងដែរថា ករណីពុលស្រានោះ គិតត្រឹមថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៤នាទីរសៀល ករណីសង្ស័យពុលស្រា សរុបចំនួន១៣១នាក់ ស្រី៦នាក់) អ្នកចេញជាសះស្បើយចំនួន ៩០នាក់, កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បុរសចំនួន ៣១នាក់, សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់, អ្នកស្លាប់ចំនួន ៧នាក់ នៅមនី្ទរពេទ្យខេត្ត២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ២នាក់, ស្លាប់នៅផ្ទះ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភពច្បាស់លាស់ និងមានតម្លៃទាបហួសហេតុ មិនសមស្របតាមតម្លៃទីផ្សារ ដែលអាចជាហានិភ័យ បង្កគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។ ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បរិមាណនៃការប្រើប្រាស់អាល់កុល មានការកើនឡើង ដូច្នេះហើយមានការផលិតអាល់កុលច្រើន ធ្វើឱ្យការផ្គត់ផ្គងស្រាស មានការធ្លាក់ចុះ ជាហេតុធ្វើឱ្យជនឱកាសនិយម ឆ្លៀតយកសារធាតុមេតាណុល មកបន្លំធ្វើស្រាស ឬ អាល់កុល។ ក្នុងករណីសង្ស័យមានក្លែងបន្លំ ប្រជាពលរដ្ឋ អាចធ្វើការទំនាក់ទំនងមកកាន់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈលេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬ ០៩២ ៨៣០ ៨៥៦៕ ដោយ៖ កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner