អធិការបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចប្រឈមនឹងរលកទី៣នៃជំងឺ Covid-19
អាល្លឺម៉ង់៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូនេះថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល អះអាងថា ប្រទេសរបស់លោកអាចនឹងប្រឈមនូវរលកទី៣នៃការចម្លងជំងឺ Covid-19 ប្រសិនបើពលរដ្ឋមិនបានយកចិត្តទុកដាក់នៅក្នុងសប្តាហ៍ខាងមុខនេះ ។
លោកស្រី មឺហ្គែល បាននិយាយនៅក្នុងការពិភាក្សាជាមួយមន្រ្តីប៉ូលិសនៅថ្ងៃចន្ទនេះថា យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវរងារ… បើមិនដូច្នោះទេ យើងនឹងទទួលយកដោយផ្ទាល់នៅក្នុងរលកបន្ទាប់ ។ លោកស្រីបាននិយាយប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងតំបន់មួយចំនួន ដែលអនុញ្ញាតអោយសណ្ឋាគារបើកទ្វារសម្រាប់ក្រុមគ្រួសារ ក្នុពិធីបុណ្យណូអែល ដោយព្រមានថា វាមានហានីភ័យកាន់តែអាក្រក់ទៅៗ ចំពោះការកើនឡើងនៃជំងឺ Covid-19 ។
លោកស្រី មឺហ្គែល និងនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានព្រមព្រៀងកាលពីសប្តាហ៍មុនថា ការបន្ធូរបន្ថយផ្នែកខ្លះនឹងត្រូវបានអនុញ្ញាតអោយក្រុមគ្រួសារប្រារព្ធពិធីបុណ្យណូអែលតូចៗ ។ ប៉ុន្តែនៅក្នុងសន្និសិទវីដេអូនៃថ្នាក់ដឹកនាំកំពូលរបស់គណបក្សអភិរក្សានិយមរបស់លោកស្រី កាលពីថ្ងៃចន្ទម្សិលមិញ លោកស្រី មឺហ្គែល បាននិយាយថា លោកស្រីមិនយល់ពីផែនការរបស់រដ្ឋមួយចំនួននៅភាគខាងជើង និងខាងលិច ដែលការរាតត្បាតមិនសូវធ្ងន់ធ្ងរ ហើយអនុញ្ញាតអោយសណ្ឋាគារបើកទ្វារសម្រាប់គ្រួសារជួបជុំគ្នា ៕


