ពិព័រណ៍ផលិតផលខ្មែរ ជំរុញការប្រើប្រាស់ផលិតផលខ្មែរតាមបណ្តាខេត្ត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញផ្សាយសេចក្តីជូនដំណឹងអំពីការរៀបចំពិព័រណ៍ផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី5 ដែលនឹងបន្តដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-19។

កម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរនេះនឹងត្រូវរៀបចំនៅថ្ងៃទី24 ដល់ថ្ងៃទី27 ខែធ្នូ ឆ្នាំ 2020 នៅទីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានី-ភ្នំពេញជាមួយនឹងបណ្តាខេត្តទូទាំងប្រទេស។ ការរៀបចំពិព័រណ៍នេះក៏នឹងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2020។

រូបភាព ៖ ផលផលខ្មែរ ដែលផលិតនៅតាមបណ្តាខេត្តក្រុង

សេចក្តីជូនដំណឹងនេះបន្តថា ក្រសួងពាណិជ្ជកម្មនឹងប្រមូលកៀរគរផលិតផលខ្មែរដែលមានគុណភាពខ្ពស់ សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អត្រឹមត្រូវដោយអនុលោមតាមស្តង់ដារផលិតកម្មមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូទៅលក់បន្ត។ លោក-លោកស្រីដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះសូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនមានកំណត់។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ AMSថា ដោយសារការរាតត្បាតកូវីដ-19 ក្រសួងបានកម្រិតចំនួនស្តង់សមល្មមដែលអាចគ្រប់គ្រងភ្ញៀវចូលទស្សនាដើម្បីរក្សានូវគម្លាតសុវត្ថិភាពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។ ការរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងយុទ្ធនាការទិញផលិតផលខ្មែរ គឺធ្វើឡើងដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋខ្មែរឱ្យងាកមកប្រើប្រាស់ផលិតផលរបស់ខ្មែរដែលកំពុងមានការលូតលាស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

រូបភាព ៖ ផលផលខ្មែរ ដែលផលិតនៅតាមបណ្តាខេត្តក្រុង

ឯកឧត្តម ថ្លែងថា៖ «ក្រសួងតែងណែនាំឱ្យផលិតករយកចិត្តទុកដាក់ផលិតនូវទំនិញដែលមានគុណភាព សុវត្ថិភាព សោភណភាព និងតម្លៃសមរម្យអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីក្រៅប្រទេស។ នេះគឺជានយោបាយដ៏សំខាន់មួយជួយផលិតផលខ្មែរទទួលបានការគាំទ្រដោយប្រជាជនខ្មែរ ហើយជំហានបន្ទាប់ក្រសួងពាណិជ្ជកម្មនឹងជំរុញការនាំចេញ»។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់AMS ថា ៖ «ពិព័រណ៍នេះសភាពាណិជ្ជកម្មថ្នាក់ខេត្ត និងចូលរួមគាំទ្រក្រសួងពាណិជ្ជកម្មក្នុងយុទ្ធនាការ ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ។ ពិព័រណ៍នេះ ក៏នឹងជួយជំរុញឱ្យផលិតផលខ្មែរមានការទទួលស្គាល់ពីប្រជាជនខ្មែរយើង ព្រោះជាធម្មតាការដែលយើងផលិតផលថ្មី ជារបស់ខ្មែរយើងផលិតផ្ទាល់ ត្រូវតែមានការតាំងបង្ហាញផលិតផលថ្មីនោះ»។

រូបភាព ៖ ផលផលខ្មែរ ដែលផលិតនៅតាមបណ្តាខេត្តក្រុង

លោកឧកញ៉ាបានមានប្រសាសន៍ថា៖ ខ្ញុំគិតថាការក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ទោះបីជាយើងមានការកម្រិត និងអនុវត្តន៍ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដោយសង្ឃឹមថាអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក វេបសាយនិងតាមព័ត៌មានសង្គមផ្សេងៗយើងនឹងទទួលបានការដឹងឮពីប្រជាពលរដ្ឋ អាជីវករ ម្ចាស់សហគ្រាសក្នុងចំនួនដ៏ច្រើន។

លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូត (LY LY Food Industry Co., Ltd) បានប្រាប់ AMS ដែរថា ៖ « ក្រសួងពាណិជ្ជកម្មតែងតែគិតគូរអំពីការជំរុញទីផ្សារផលិតផលរបស់ខ្មែរ។ខ្ញុំគិតថាការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មក្នុងយុទ្ធនាការនេះបានជួយជំរុញឱ្យផលិតផលខ្មែរមានការទទួលស្គាល់ពីប្រជាជនខ្មែរយើង»។

លោកស្រីឧកញ៉ា បានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថាក្រសួងពាណិជ្ជកម្មជួយលើកកម្ពស់ផលិតផលរបស់កម្ពុជានឹងបន្តធ្វើយុទ្ធនាការជំរុញផលិតផលខ្មែរយើងឱ្យកាន់តែធំជាងមុនដើម្បីឱ្យប្រជាជនងាកមកប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិយើង។ ការរៀបចំព្រឹត្តិការណ៍នេះនឹង ដើម្បីជំរុញការគាំទ្រផលិតផលខ្មែរពីប្រជាពលរដ្ឋតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។ ខ្ញុំយល់ថាការរៀបចំពិព័រណ៍ជាកម្មវិធីល្អសម្រាប់ជួយផ្សព្វផ្សាយផលិតផលខ្មែរក្នុងស្រុក»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការតាំងពិព័រណ៍នៅខេត្តបន្ទាយមានជ័យក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែររដូវកាលទី5 នៅខេត្តសៀមរាប និងខេត្តព្រះវិហារ ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner