ចិនរឹតបន្តឹងច្បាប់ស្តីពីប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្តង

បរទេស៖ប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើច្បាប់គ្រប់គ្រងប្លាស្ទិកនៅក្នុងប្រទេសហើយដោយក្នុងនោះខ្លួនបានដាក់កំហិតទៅលើភោជនីយដ្ឋានអាជីវកម្មលក់រាយព្រមទាំងសេវាកម្មដឹកជញ្ជូនទំនិញអនឡាញផងដែរ ដើម្បីធ្វើការរាយការណ៍ពីការប្រើប្រាស់បាស្ទិកដែលប្រើបានតែម្តង (single-use plastic)របស់ខ្លួនជារៀងរាល់ថ្ងៃ។

យោងតាមការប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថាខ្លួនបានបង្កើតនូវប្រព័ន្ធគ្រប់គ្រងរបាយការណ៍នេះឡើងសម្រាប់ដំណើរការនៅទូទាំងប្រទេស។

កាលពីខែកញ្ញាកន្លងទៅក្រសួងក៏បានបញ្ជាក់ហើយថា ទាំងថង់ប្លាស្ទិក និងប្រដាប់ប្រដាប្រើប្រាស់ធ្វើពីប្លាស្ទិក
គឺនឹងត្រូវហាមឃាត់ទាំងអស់ចេញពីទីក្រុងធំៗរបស់ខ្លួនឲ្យបាននៅបំណាច់ឆ្នាំខណៈទុយោប្លាស្ទិកដែលប្រើប្រាស់បានតែម្តងនឹងត្រូវហាមប្រាមនៅទូទាំងប្រទេស។ច្បាប់ថ្មីដែលបានចែងកាលពីខែកញ្ញានេះផងដែរក៏បានបង្កើនប្រាក់ពិន័យគុណនឹង 10 ដងផងដែរសម្រាប់ជនណាដែលល្មើស។

សូមរំលឹកដែរថាកាលពីខែមករាគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ចិនបានប្រកាសឲ្យប្រើប្រាស់គោលនយោបាយបង្ហាញផ្លូវ ឬ roadmapរយៈពេល5ឆ្នាំរបស់ខ្លួនពាក់ព័ន្ធទៅនឹងផែនការកាត់បន្ថយកាកសំណល់។

គោលនយោបាយនេះបានកំណត់យកឆ្នាំ2022ជាឆ្នាំចុងក្រោយដើម្បីធ្វើឲ្យប្រទេសលែងមានការប្រើប្រាស់ថង់ប្លាស្ទិក និងកាត់បន្ថយប្លាស្ទិកដែលប្រើបានតែម្តងដោយភោជនីយដ្ឋានឲ្យបាន 30 ភាគរយ ហើយសម្រាប់សណ្ឋាគារវិញគឺចាំបាច់បញ្ចប់ការប្រើប្រាស់ប្លាស្ទិកប្រើប្រាស់បានតែម្តងឲ្យបាននៅត្រឹមឆ្នាំ 2025៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner